
ជាការបង្ហាញពីភាពច្នៃប្រឌិត និងភាពក្លាហានរបស់ខ្លួន សុធារិទ្ធ គឺជាបេក្ខជនតែម្នាក់គត់ក្នុងសប្ដាហ៍ទី២១ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលបានចម្អិនម្ហូបរហូតដល់ទៅពីរចានក្នុងថវិកា ៥ម៉ឺនរៀលដែលត្រូវបានផ្ដល់ជូនក្នុងវិញ្ញាសាប្រអប់អាថ៌កំបាំង។

ទោះបីជាការព្យាយាមរបស់សុធារិទ្ធ មិនបានធ្វើឱ្យគាត់ជាប់ចំណាត់ថ្នាក់ Top 3 ក៏ដោយ ក៏ឆន្ទៈរបស់គាត់ក្នុងការហ៊ានប្រថុយប្រថាននៅក្នុងផ្ទះបាយដ៏ប្រណីតមួយនេះ បានបង្ហាញពីភាពក្លាហានក្នុងការចម្អិនម្ហូបរបស់គាត់ជូនគណៈកម្មការទាំង៣រូបដែលមាន Judge ណារ៉ា ជេស៊ីកា និង Judge ម៉េងហ៊ី ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួនដោយមិនចង់ធ្វើអ្វីដែលងាយៗនោះឡើយ។

ម្ហូបពីរមុខរបស់ សុធារិទ្ធ ដែលច្នៃពីម្ហូបអ៊ីតាលី Lasagna បានបង្ហាញពីការប្តេជ្ញាចិត្ត និងការគិតគូរប្រកបដោយភាពច្នៃប្រឌិត ទោះបីជាថវិកាមានកម្រិតក៏ដោយ។ មិនស្ថិតក្នុងលំដាប់កំពូលក៏ពិតមែន ប៉ុន្តែការប្រថុយប្រថានរបស់សុធារិទ្ធ បានបង្ហាញឱ្យឃើញថាខ្លួនសក្តិសមសម្រាប់តំណែងជាបេក្ខភាពកំពូលទាំង៧រូបចុងក្រោយរបស់កម្មវិធី MasterChef Cambodia ៕

