Royal Group Exchange (RGX) ដែលជាថ្នាលជួញដូរមូលបត្រឌីជីថលដំបូងគេនៅកម្ពុជាបានបើកដំណើរការកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នេះដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) និងទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជាផងដែរ។ នេះជាជំហានដ៏សំខាន់មួយក្នុងការវិវត្តមួយក្នុងវិស័យហិរញ្ញវត្ថុ របស់កម្ពុជាដែលអនុញ្ញាតឱ្យបុគ្គល និងអាជីវកម្មចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល សកល។
ការបើកដំណើរការថ្នាលជួញដូរ RGX ដែលត្រូវបានអនុញ្ញាតក្រោមគម្រោង Sandbox បទប្បញ្ញត្តិ FinTech ក្នុងវិស័យមូលបត្រ គឺជាសក្ខីភាពមួយចំពោះភាពជឿនលឿននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech ក្នុងវិស័យមូលបត្រកម្ពុជា។ ការបើកដំណើរការនេះក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ និយ័តករមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការបង្កើតថ្មីផ្នែកហិរញ្ញវត្ថុ សុចរិតភាពទីផ្សារ និងការការពារវិនិយោគិន រួមជាមួយនឹងការចូលរួមយ៉ាងសកម្មពីវិស័យឯកជន។
ជាមួយគ្នានេះដែរ នៅពេលដែលពិភពលោកកាន់តែវិវឌ្ឍន៍កាន់តែទំនើប ថ្នាលជួញដូរមូលបត្រឌីជីថលក៏បានប្រើប្រាស់បច្ចេកវិទ្យា Blockchain និងបានក្លាយជាប្រព័ន្ធដ៏រឹងមាំមួយដែលបានដាក់ប្រើប្រាស់នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន តាមរយៈការបង្កើតប្រព័ន្ធវិមជ្ឈការ ដ៏មានសក្តានុពលដែលយើងអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់យើងបានយ៉ាងមានសុវត្ថិភាព។
ទ្រព្យឌីជីថលដែលបានប្រើប្រាស់បច្ចេកវិទ្យា Blockchain គឺមានសុវត្ថិភាពខ្លាំងដែលអាចធានារាល់ប្រតិបត្តិការរបស់លោកអ្នកបានដោយមិនមានការព្រួយបារម្ភ ដែលការប្រើប្រាស់បច្ចេកវិទ្យាមួយនេះគឺមានឯកជនភាពខ្ពស់រក្សារាល់ទិន្នន័យ ឬ ប្រតិបត្តិការរបស់លោកអ្នកបានយ៉ាងល្អ ព្រោះបច្ចេកវិទ្យាមួយនេះធ្វើការដោយកុំព្យូទ័រទាំងស្រុងដោយមិនចាំបាច់ឆ្លងកាត់ធនាគារឡើយ៕