×

កម្ដៅនិងសម្ពាធក្នុងផ្ទះបាយកាន់តែខ្លាំងឡើង! បេក្ខភាពកំពូលទាំង៥រូបចុងក្រោយ នឹងរកឃើញនៅសប្ដាហ៍ទី២២ MasterChef នាថ្ងៃអាទិត្យសប្ដាហ៍នេះ

ការប្រកួតកាន់តែរន្ធត់ និងមានសម្ពាធ! MasterChef Cambodia រដូវកាលទី៣ នឹងឈានដល់សប្ដាហ៍ទី២២ ដែលជាសប្ដាហ៍កាន់តែជក់ចិត្តសម្រាប់ទស្សនិកជនរបស់ CTN នៅថ្ងៃទី ២០ ខែតុលា ដែលបេក្ខភាពកំពូលទាំង ៥ រូប នឹងត្រូវបានរកឃើញជាផ្លូវការ។

បន្ទាប់ពីការចាកចេញរបស់រស្មី កាលពីសប្តាហ៍មុន បេក្ខភាពចំនួន ៦ រូបដែលនៅសេសសល់គឺ លីនដា ម៉ាលីន ស្រីភក្រ្ត លីនណា សំអន និង សុធារិទ្ធ កំពុងត្រៀមខ្លួនសម្រាប់ការប្រកួតដ៏លំបាកបំផុតរបស់ពួកគេ។ ម្នាក់ៗបានបង្ហាញពីទេពកោសល្យនៅក្នុងការចម្អិន ប៉ុន្តែមានតែ ៥ នាក់ប៉ុណ្ណោះដែលនឹងអាចឈានទៅកាន់វគ្គបន្តបាន។

លីនណា ដែលធ្វើបានល្អនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ គឺជាគូប្រជែងដ៏ខ្លាំងដែលឈ្នះ Top 1 កាលពីសប្ដាហ៍មុន។ ចំណែក លីនដា ស្រីភក្ត្រ ម៉ាលីន សំអន និងសុធារិទ្ធ ទោះមិនទទួលបានជ័យជម្នះកាលពីសប្ដាហ៍មុនក៏ដោយ ក៏ទស្សនិកជនមិនអាចមើលរំលងពីសមត្ថភាព និងភាពច្នៃប្រឌិតរបស់ពួកគាត់បានឡើយ។

តើបេក្ខភាពរូបណាខ្លះ ដែលនឹងអាចឈានចូលក្នុងបញ្ជី Top 5 ? តើម្នាក់ណាដែលនឹងត្រូវឈរចម្អិនជាលើកចុងក្រោយ នៅក្នុងផ្ទះបាយដ៏ប្រណីតរបស់ MasterChef Cambodia ? ចម្លើយនឹងត្រូវបង្ហាញនៅសប្ដាហ៍ទី២២ នៃ MasterChef Cambodia នៅថ្ងៃអាទិត្យខាងមុខនេះលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការ MasterChef Cambodia ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង