ភ្នំពេញ៖ ខៀវ សានសាណា ដែលជាពិធីការនីល្បីឈ្មោះមួយរូបតែងមានការងារជាប់ថ្ងៃគ្នាមិនសូវមានពេលសម្រាកនោះ ពេលនេះបានប្រកាសក្តែងៗសុំមិនទទួលការងារពេលល្ងាចនៅថ្ងៃទី០៤ ខែវិច្ឆិកា ក្រោយពីទទួលបានធៀបអញ្ជើញចូលរួមពិធីមង្គលការរបស់ សុភ័ក្ត្រ កុសុម៉ា។
ទើបតែត្រូវបានមិត្តប្រុសសុំរៀបការកាលពីចុងខែសីហា ប៉ុន្មានខែមុនប៉ុណ្ណោះ សុភ័ក្ត្រ កុសុម៉ា ប្រញាប់ប្រញាល់រៀបចំមង្គលការភ្លាមមិនទុកដល់ឆ្នាំក្រោយឡើយ ទោះជាយ៉ាងណាតារាស្រីដែលមានចរិតក្រមិចក្រមើមរូបនេះទទួលបានការអបអរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ មិនត្រឹមតែប៉ុណ្ណោះ សូម្បីញាតិមិត្តក្នុងរង្វង់សិល្បៈក៏រង់ចាំយ៉ាងអន្ទះសាចូលរួមក្នុងថ្ងៃពិសេសរបស់នាងដែរ។
គួរបញ្ជាក់ដែរថា ទម្រាំដាច់ចិត្តបង្ហាញដៃគូស្នេហា កុសុម៉ា ព្យាយាមលាក់បាំងទំនាក់ទំនងរបស់នាងពីអ្នកគាំទ្រអស់រយៈពេល ២ឆ្នាំ និងបង្ហាញភាពច្បាស់លាស់ជាមួយគ្នានឹងគ្នាដោយខាងប្រុសបានរៀបចំពិធីពញាក់អារម្មណ៍សុំ កុសុម៉ា រៀបការរហូតដល់នាងរំភើបចិត្តដល់ទប់ទឹកភ្នែកមិនជាប់៕