
ជាការបង្ហាញពីការតាំងចិត្តដ៏មោះមុត ស្រីភក្រ្ត បានបញ្ចេញនៅក្នុងការប្រកួតវិញ្ញាសាដ៏មានសម្ពាធ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ ទោះបីជាខ្លួនមានបញ្ហាអាឡែស៊ីជាមួយសាច់សត្វទាដែលអាចធ្វើឱ្យក្ដៅខ្លួនរហូតដល់សន្លប់។

ទោះបីជាមានបញ្ហាយ៉ាងណាក្ដី ក៏ ស្រីភក្ត្រ បានជម្នះនូវឧបសគ្គដ៏ធំមួយនេះ ដើម្បីចម្អិននូវមុខម្ហូបដែលខ្លួនពុំធ្លាប់ចម្អិន ឱ្យក្លាយជាមុខម្ហូបដ៏ល្អមួយចានសម្រាប់ ភ្ញៀវកិត្តិយសពិសេសទាំង ៨ រូប។
ការខិតខំប្រឹងប្រែងរបស់ ស្រីភក្ត្រ ពិតជាមិនខកបំណងឡើយ ព្រោះភ្ញៀវ VIP ជាច្រើន បានសរសើរពីរសជាតិសាច់ទា ដែលត្រូវបានចម្អិនដោយស្រីភក្ត្រ មានរសជាតិឆ្ងាញ់។ ជាលទ្ធផល ម្ហូបរបស់បេក្ខនារីមកពីខេត្តបន្ទាយមានជ័យរូបនេះ ទទួលបានការបោះឆ្នោតគាំទ្រចំនួន ៤ សំឡេងក្នុងចំណោម ៨ សំឡេង។
ស្រីភក្ត្របានបង្ហាញពីសមត្ថភាពរបស់ខ្លួនដែលសក្តិសមជាបេក្ខភាព Top 6 របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ក្នុងសប្ដាហ៍ទី២២ ដែលពុំមានបេក្ខភាពណាម្នាក់ត្រូវបានជម្រុះចេញពីកម្មវិធីឡើយ។
តាមដាននៅលើក្នុងកម្មវិធី MasterChef Cambodia ដែលផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕
