
ភ្នំពេញ៖ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២៤ ប្រភពអគ្គិសនីត្រូវបានអភិវឌ្ឍឱ្យកើនឡើងពី ១៥០មេហ្គាវ៉ាត់ នៅឆ្នាំ ១៩៩៨ រហូតដល់ ៤.៨១៤មេហ្គាវ៉ាត់ ដែលស្មើនឹងកំណើន ៣២ដង។ តួលេខនេះនឹងបន្តកើនឡើងលើស ១ម៉ឺនមេហ្គាវ៉ាត់ នៅមុនឆ្នាំ ២០៣០ បន្ទាប់ពីរាជរដ្ឋាភិបាលទើបអនុម័តលើគម្រោងថាមពលចំនួន ២៣គម្រោង ដែលមានអានុភាពសរុប ៥.៩៥០មេហ្គាវ៉ាត់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅខេត្តកោះកុង កាលពីសប្តាហ៍មុននេះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការចែកចាយអគ្គិសនីរបស់ប្រព័ន្ធបណ្តាញជាតិអាចគ្របដណ្តប់លើភូមិចំនួន ៩៩,១៥% និងបានភ្ជាប់ឱ្យលំនៅឋាន ៣,៥៩លានផ្ទះ ត្រូវជា ៩៦,៥១% នៃផ្ទះសរុបទូទាំងប្រទេស រួចហើយ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចុប្បន្ន យើងកំពុងបន្តអភិវឌ្ឍពង្រឹង និងពង្រីកសមត្ថភាព និងគុណភាព នៃការផ្គត់ផ្គង់ថាមពលអគ្គិសនីបន្ថែមទៀត ដោយយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍទាំងប្រព័ន្ធបណ្តាញជាតិ ទាំងប្រភពអគ្គិសនី ទាំងបណ្តាញបញ្ជូនរង និងទាំងបណ្តាញចែកចាយ។ ក្នុងពេលជាមួយគ្នានោះ យើងក៏បានយកចិត្តទុកដាក់ដោះស្រាយឱ្យមានការផ្គត់ផ្គង់អគ្គិសនី ដល់ភូមិដាច់ស្រយាល ដែលការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិទៅពុំទាន់ដល់ជាបណ្តើរៗផងដែរ ដោយធ្វើការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីខ្នាតតូច ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យផ្តុំជាមួយប្រព័ន្ធអាគុយស្តុកថាមពល។
គួរបញ្ជាក់ថា នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ រាជដ្ឋាភិបាល បានអនុម័តគម្រោងប្រភពផ្គត់ផ្គង់ថាមពលអគ្គិសនីចំនួន ២៣ សម្រាប់ឆ្នាំ ២០២៤-២០២៩ ដែលមានតម្លៃវិនិយោគសរុបចំនួន ៥,៧៩ពាន់លានដុល្លារអាម៉េរិក។ ក្នុងនោះមាន គម្រោងថាមពលពន្លឺព្រះអាទិត្យ ចំនួន ១២គម្រោង អានុភាពសរុបចំនួន ១.៩៥០មេហ្គាវ៉ាត់, គម្រោងថាមពលខ្យល់ ចំនួន ៦គម្រោង អានុភាពសរុបចំនួន ៩០០មេហ្គាវ៉ាត់, គម្រោងជីវម៉ាស (Biomass) ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យ ចំនួន ១គម្រោង អានុភាព ៥០+៤០មេហ្គាវ៉ាត់, គម្រោងវារីអគ្គិសនីព្រែកល្អាង ១៤២ ចំនួន ១ គម្រោង អានុភាព ១១០មេហ្គាវ៉ាត់, គម្រោងស្តុកថាមពលដោយប្រព័ន្ធអាគុយស្តុកថាមពល ទំហំ ១.០០០មេហ្គាវ៉ាត់, គម្រោងស្តុកថាមពលវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ ទំហំ ១.០០០មេហ្គាវ៉ាត់ និងគម្រោងផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិ (LNG) ចំនួន ១គម្រោង អានុភាព ៩០០មេហ្គាវ៉ាត់ ដែលបានបើកការដ្ឋានសាងសង់កាលពីសប្តាហ៍មុននេះ។
បើតាមលោករដ្ឋមន្ត្រី កែវ រតនៈ គម្រោងវិនិយោគលើវិស័យថាមពលទាំងនេះ នឹងអាចលេចចេញជារូបរាង្គ និងចាប់ផ្តើមដំណើរការផលិតអគ្គិសនី នៅមុនឆ្នាំ ២០៣០៕
ប្រភព៖ CNC

