
នៅក្នុងសប្ដាហ៍ដ៏រន្ធត់ ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ គណៈកម្មការទាំង៣រូបដែលមាន Judge ណារ៉ា Judge ជេស៊ីកា និង Judge ម៉េងហ៊ី បានធ្វើការសម្រេចចិត្តដ៏លំបាកមួយ ក្នុងការផ្ដល់ឱកាសសម្រាប់ លីនណា និង ស្រីភក្ត្រ ដើម្បីប្រកួតនៅសប្ដាហ៍បន្ត បន្ទាប់ពីអ្នកទាំងពីរទទួលបានសំឡេងឆ្នោតគាំទ្រស្មើគ្នាពីសំណាក់ភ្ញៀវ VIP និង គណៈកម្មការ។

ការប្រកួតវិញ្ញាសាសម្ពាធរបស់ លីនណា និងស្រីភក្ត្រ ដែលទទួលបាន សាច់ទា ជាគ្រឿងផ្សំគោល មិនអាចសម្រេចរកអ្នកឈ្នះអ្នកចាញ់បានឡើយ ដោយបេក្ខនារីទាំងពីររូប ទទួលបានសំឡេងឆ្នោត ៤សំឡេង ស្មើគ្នា ពីសំណាក់គណៈកម្មការទាំង ៣ រូប និងភ្ញៀវ VIP ចំនួន ៥ រូប ដែលស្មើនឹង ៨ សំឡេង។
Plus KH យល់ថាការសម្រេចចិត្តនេះ គឺ យុត្តិធម៌ សម្រាប់ទាំងសងខាងដោយសារទាំងភ្ញៀវ VIP រួមទាំងបេក្ខជនផ្សេងទៀតបានយល់ស្រប ដោយសារមុខម្ហូបទាំងពីរមានចំណុចខ្លាំងនិងចំណុចខ្សោយប្រហាក់ប្រហែលគ្នា។

បេក្ខភាព ៤រូបផ្សេងទៀត ដែលមានដូចជា សុធារិទ្ធ ម៉ាលីន សំអន និង លីនដា បានបង្ហាញពីភាពជឿជាក់ក្នុងការដណ្ដើមយកចំណាត់ថ្នាក់ Top 5 នៅសប្តាហ៍ក្រោយដោយមិនភាពភ័យខ្លាចចំពោះការប្រកួតខាងមុខឡើយ។
នេះគឺជាការសម្រេចចិត្តដែលគ្មានបេក្ខភាពរូបណាត្រូវបានជម្រុះចេញពីកម្មវិធី បន្ទាប់ពីអតីតបេក្ខភាពរដូវកាលទី៣ រស្មី និងបញ្ញា ទទួលបានការ Call back ភ្លាមៗពីគណៈកម្មការកាលពីសប្ដាហ៍ទី១៥។
តើបេក្ខជនរូបណា ដែលនឹងត្រូវដើរចេញពីផ្ទះបាយ MasterChef Cambodia នៅសប្ដាហ៍បន្ទាប់? ស្វែងរកចម្លើយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia នាថ្ងៃអាទិត្យខាងមុខនេះ៕
