
នៅក្នុងសប្ដាហ៍ទី ២២ នៃកម្មវិធី MasterChef Cambodia រដូវកាលទី ៣ បេក្ខជនកំពូលទាំង ៦ រូប បានប្រឈមមុខនឹងវិញ្ញាសាដ៏លំបាកបំផុតមួយ ដែលបានតេស្តពីការស្រមើលស្រមៃ ការសហការគ្នា និងភាពច្នៃប្រឌិត ក្នុងការច្នៃមុខម្ហូប ចំនួន ៣ចាន សម្រាប់គណៈកម្មការទាំង៣រូប។
ខុសពីវិញ្ញាសាប្រកួតជាក្រុមដែលធ្លាប់កើតមានកន្លងមក ការប្រកួតជាក្រុមកាលពីសប្ដាហ៍ទី២២ តម្រូវឱ្យបេក្ខភាពទាំងអស់ បង្ហាញពីការចងចាំនូវមុខម្ហូបដែលជាទីពេញចិត្តរបស់គណៈកម្មការនីមួយៗ ការរៀបចំផែនការច្បាស់លាស់ដោយតម្រូវឱ្យសរសេរគ្រឿងផ្សំដែលត្រូវការលើក្រដាសដែលផ្ដល់ជូន និងភាពច្នៃប្រឌិតទាំងរសជាតិ ទាំងការរៀបចំដាក់ចាន។
វិញ្ញាសានេះបន្ថែមសម្ពាធកាន់តែខ្លាំងឡើង សម្រាប់បេក្ខភាព Top 6 ព្រោះពួកគេមិនអាចចូលទៅក្នុងបន្ទប់គ្រឿងផ្សំរបស់ផ្សារទំនើបជីបម៉ុងដូចសប្ដាហ៍មុនៗឡើយ។ មិនតែប៉ុណ្ណោះ ថែមទាំងចម្អិនស្របតាមចំណង់ចំណូលចិត្តរបស់គណៈកម្មការ ណារ៉ា ចុងភៅ ជេស៊ីកា និង ម៉េងហ៊ី ផងដែរ។
វិញ្ញាសានេះបានបង្ហាញពីចំណុចរបត់មួយក្នុងផ្ទះបាយ MasterChef Cambodia ព្រោះវាទាមទារឱ្យបេក្ខភាពនីមួយបញ្ចេញលើសពីជំនាញនៃការចម្អិន។ បេក្ខជនត្រូវបង្ហាញភាពជាអ្នកដឹកនាំ ការចងចាំ និងការគិតប្រកបដោយភាពច្នៃប្រឌិត ដើម្បីទទួលបានជោគជ័យ។
តើសប្ដាហ៍បន្ទាប់ MasterChef Cambodia នឹងមានវិញ្ញាសាប្លែកៗអ្វីសម្រាប់បេក្ខភាពកំពូលទាំង ៦នាក់ ជាបន្តទៀត? ដូច្នេះកុំភ្លេចតាមដាននៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៨ យប់តទៅ៕