
ភាពតានតឹងកំពុងកើនឡើង ខណៈបេក្ខភាពកំពូលទាំង៦នាក់ចុងក្រោយ បានត្រៀមខ្លួនសម្រាប់ការប្រកួតវិញ្ញាសា ១ ទល់នឹង ១ នៅសប្ដាហ៍ទី២៣ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣។
កាលពីសប្ដាហ៍ទី២២ សុធារិទ្ធ ដែលបដិសេធជ្រើសរើសសំអននៅក្នុងក្រុមរបស់ខ្លួន បានបង្ហាញពីបំណងចង់ប្រកួត១ទល់នឹង១ជាមួយសំអន ក្នុងវិញ្ញាសាដែលមិនធ្លាប់មានក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។
គួររំឭកថា សុធារិទ្ធ បានជ្រើសរើស លីនណា ឱ្យស្ថិតនៅក្នុងក្រុមរបស់ខ្លួនកាលពីសប្ដាហ៍មុន ខណៈ លីនណា សំអន និងលីនដា ចង់បានសុធារិទ្ធធ្វើជាប្រធាក្រុមរបស់ខ្លួន ដើម្បីធ្វើការជាគូ។

សុធារិទ្ធ បានអះអាងកាលពីសប្ដាហ៍មុនថា ខ្លួនចង់ប្រកួតជាមួយ សំអន នាសប្ដាហ៍បន្ទាប់។ ចំណែកលោក សំអន ក៏មិនមានការភ័យខ្លាចក្នុងការប្រកួតជាមួយ សុធារិទ្ធ នោះទេ។
សប្ដាហ៍ថ្មីខាងមុខនេះ នឹងក្លាយសមរភូមិផ្ទះបាយដ៏ក្ដៅគគុកសាជាថ្មីម្ដងទៀត នៅពេលដែលបេក្ខភាពកំពូលទាំង៦រូបចុងក្រោយ នឹងត្រូវប្រកួតតទល់គ្នា។

បន្ទាប់ពីពុំមានការជម្រុះកាលពីសប្ដាហ៍មុន MasterChef នឹងបន្តស្វែងរកបេក្ខភាពកំពូលទាំង៥រូបចុងក្រោយ នាថ្ងៃអាទិត្យ ទី២៧ ខែតុលា ដែលនឹងមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia ចាប់ពីម៉ោង ៨ យប់តទៅ៕