ភ្នំពេញ៖ ខេត្តកោះកុង ដែលត្រូវបានគេប្រសិទ្ធនាមថា «ជាតារារះនៃទិសនិរតីរបស់កម្ពុជា» ដោយសារតែសក្តានុពលទេសចរណ៍ចម្រុះ រាប់ចាប់ពីឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែនកោះជាច្រើន ជ្រោះជ្រងជ្រលងដងព្រែក ព្រៃលិចទឹក និងជីវចម្រុះជាច្រើនក្រោមផ្ទៃទឹកសមុទ្រគួរជាភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ។
ទន្ទឹមនឹងភាពអំណោយផលរបស់ខេត្តកោះកុងស្ថិតនៅជាប់សមុទ្រ និងជួរភ្នំក្រវាញ ដែលមានជ្រោះជ្រងជ្រលងដងព្រែក ជាច្រើននេះហើយ បានញ៉ាំឲ្យខេត្តនេះ ក្លាយជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់កម្ពុជា សម្រាប់ដំណើរការផលិតអគ្គិសនីដ៏សម្បូរបែប ជាពិសេសគម្រោងវារីអគ្គិសនី ដែលជាប្រភពផលិតថាមពលស្អាត។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា បច្ចុប្បន្ននេះ ខេត្តកោះកុង មានវារីអគ្គិសនី ចំនួន ០៦កន្លែង ដែលក្នុងនោះ វារីអគ្គិសនី ចំនួន ០៣កន្លែង កំពុងដំណើរការផលិត និងចំនួន ០៣កន្លែងទៀត កំពុងដំណើរការសាងសង់ រួមមាន៖ វារីអគ្គិសនី គិរីរម្យ ៣ (កំពុងដំណើរការផលិត) មានអានុភាព ១៨មេហ្គាវ៉ាត់, វារីអគ្គិសនីតាតៃ (កំពុងដំណើរការផលិត)មានអានុភាព ២៤៦មេហ្គាវ៉ាត់, វារីអគ្គិសនី ឫស្សីជ្រុំក្រោម (កំពុងដំណើរការផលិត) មានអានុភាព ៣៣៨មេហ្គាវ៉ាត់, វារីអគ្គិសនី ស្ទឹងតាតៃលើ (កំពុងដំណើរសាងសង់) មានអានុភាព១៥០មេហ្គាវ៉ាត់, វារីអគ្គិសនីស្ទឹងវាលថ្មកំបុត (កំពុងដំណើរការសាងសង់) មានអានុភាព ១០០មេហ្គាវ៉ាត់, វារីអគ្គិសនីស្ទឹងមេទឹក (កំពុងដំណើរការសាងសង់) មានអានុភាព ១៥០មេហ្គាវ៉ាត់ ។ ក្រៅពីនេះ ក៏មានរោងចក្រផលិតថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ១កន្លែងផងដែរ ដែលមានអានុភាព ៩០០មេហ្គាវ៉ាត់ ដែលទើបបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៦ខែតុលា ឆ្នាំ ២០២៤ និងគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២៧ខាងមុខនេះ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កាលពីសប្តាហ៍មុននេះ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង មានប្រសាសន៍ថា ភ្លើង ឬអគ្គិសនី គឺជាអាទិភាពគន្លឹះទី៤ នៅក្នុងអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ហើយសម្តេចបវរអធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុកការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា សម្រាប់នីតិកាលទី៧នេះ ព្រោះវិស័យថាមពលមិនត្រឹមតែជាផលិតផលមួយ សម្រាប់បំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាក៏ជាផលិតផលមួយដែលចាំបាច់ក្នុងការជំរុញឱ្យមានការអភិវឌ្ឍវិស័យផ្សេងៗទៀតលើគ្រប់វិស័យ។
លោកស្រីបានបញ្ជាក់ថា៖ «ការជំរុញការអភិវឌ្ឍវិស័យថាមពល អគ្គិសនីឲ្យបានត្រឹមត្រូវ ឱ្យបានរីកចម្រើនឆាប់រហ័ស ដើម្បីឈានដល់ការសម្រេចបានការផ្គត់ផ្គង់ ថាមពលមួយគ្រប់គ្រាន់ប្រកបដោយចីរភាព ស្ថិរភាព គុណភាព និងមានតម្លៃសមរម្យ គឺជាគន្លឹះដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងជួយបង្កើនសុខុដុមនីយកម្មនៃ ការរស់នៅរបស់ប្រជាពលរដ្ឋ»។
ទន្ទឹមនឹងការបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិដំបូងគេនៅកម្ពុជានេះ លោកស្រីអភិបាល បានចាត់ទុកថា ខេត្តកោះកុង មានភ័ព្វសំណាងទទួលបាននូវសមិទ្ធផលថ្មីមួយទៀត គឺរោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អនុភាព ៩០០មេហ្គាវ៉ាត់ ដែលបានវិនិយោគ និងកំពុងដំណើរការសាងសង់ដោយ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ជាផ្លូវការរោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កាលពីសប្តាហ៍មុននេះដែរ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ជាលើកទី ១ក្នុងខេត្តកោះកុង ក៏ដូចជា ប្រទេសកម្ពុជា ដែលមានរោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិជាប្រវត្តិសាស្ត្រ និងក្នុងរយៈពេល ៣ទៅ ៤ឆ្នាំខាងមុខទៀត ខេត្តកោះកុង ក៏នឹងមានវារីគ្គិសនីថ្មីមួយទៀត ហើយក៏ជាប្រវត្តិសាស្ត្រមិនដែលមានដែរនៅកម្ពុជា គឺគម្រោងស្តុកថាមពលវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ អានុមភាព ១.០០០មេហ្គាវ៉ាត់ ដែលប្រើទំនប់ចំនួនពីរ លើក្រោម ហើយបូមទឹកបានត្រឡប់ទៅវិញ ដែលប្រើបានពីរដង។
លោករដ្ឋមន្ត្រីក្រសួងរ៉ែ បានថ្លែងថា ការអភិវឌ្ឍវិស័យអគ្គិសនីនៅតែជារបៀបវារៈដ៏សំខាន់នៃនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភានេះ ព្រោះថាមពលអគ្គិសនី មិនមែនត្រឹមតែជាផលិតផលមួយដែលត្រូវការសម្រាប់បម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែក៏ជាផលិតផលមួយដែលត្រូវការចាំបាច់សម្រាប់ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀតក្នុងផ្នែកសេដ្ឋកិច្ចផងដែរ។
លោករដ្ឋមន្ត្រី បន្ថែមទៀតថា ការជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីឱ្យ បានត្រឹមត្រូវ រីកចម្រើនឆាប់រហ័ស ដើម្បីឈានទៅសម្រេចបាន “ការផ្គត់ផ្គង់ថាមពលមួយគ្រប់គ្រាន់ប្រកបដោយ ចីរភាព ស្ថិរភាព គុណភាព និងមានថ្លៃកាន់តែសមរម្យ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា” គឺជាគន្លឹះដ៏សំខាន់ក្នុងការជួយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេស និងជួយបង្កើនសុខដុមនីយភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា គម្រោងស្តុកថាមពលវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ ទំហំ ១.០០០មេហ្គាវ៉ាត់ គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងប្រភពផ្គត់ផ្គង់ថាមពលអគ្គិសនីចំនួន ២៣ សម្រាប់ឆ្នាំ ២០២៤-២០២៩ ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័ត នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ ដែលមានតម្លៃវិនិយោគសរុបចំនួន ៥,៧៩ពាន់លានដុល្លារអាម៉េរិក៕
អត្ថបទ៖ សៀម ប៊ុនធី/CNC