
លោក ឃួន សំអន បេក្ខជន MasterChef Cambodia លំដាប់កំពូលទាំង ៦ រូបចុងក្រោយ កាលពីពេលថ្មីៗនេះ បានបង្ហាញនូវសកម្មភាពសប្បុរសធម៌របស់ខ្លួនម្តងទៀត ដោយចូលរួមកម្មវិធីសប្បុរសធម៌មួយនៅគីរីរម្យ ខេត្តកំពង់ស្ពឺ។
សំអន បានធ្វើម្ហូបជូនកុមារដែលមានភាពខ្វះខាត ចំនួន ១៣០ នាក់។ សូមជម្រាបថា សំអន ត្រូវបានស្គាល់ថា ជាបេក្ខជនម្នាក់របស់ MasterChef Cambodia ដែលតែងតែចូលរួមក្នុងសកម្មភាពសប្បុរសធម៌នានាដើម្បីជួយដល់កុមារក្រខ្សត់ ខណៈលោកធ្លាប់ជាកុមារខ្វះខាត និងជាអតីតសិស្សរបស់មណ្ឌលកុមារដែលម៉ុនកម្ពុជា (Infants Del Mon Cambodge) ជាអង្គការមួយដែលជួយដល់កុមារដែលជួបការលំបាកនៅកម្ពុជា។
ដោយមានការសហការជាមួយម្ចាស់ជំនួយ សំអន បានរៀបចំមុខម្ហូបជាច្រើន ចែករំលែកភាពរីករាយ និងភាពកក់ក្តៅតាមរយៈការចម្អិនម្ហូបរបស់ខ្លួន។ បេក្ខជន MasterChef ដែលមកពីខេត្តបន្ទាយមានជ័យរូបនេះ តែងតែចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជាមួយអ្នកគាំទ្ររបស់គាត់ ដើម្បីរួមចំណែកជួយដល់សហគមន៍របស់យើង។
នៅសប្ដាហ៍នេះ សំអន នឹងត្រូវប្រកួតនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ជាមួយនឹងបេក្ខភាពចំនួន ៥រូបផ្សេងទៀត ដែលមានដូចជា សុធារិទ្ធ ស្រីភក្ត្រ លីនដា លីនណា និង ម៉ាលីន ដើម្បីស្វែងរកអ្នកដែលឈានទៅកាន់ Top 5 ។
សប្ដាហ៍នេះ គឺជាសប្ដាហ៍ទី២៣ របស់ MasterChef ដែលនឹងមានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia នាថ្ងៃអាទិត្យ ទី២៧ ខែតុលា ចាប់ពីម៉ោង ៨ យប់តទៅ៕
