×

សំអន ឈ្នះការប្រកួតម្ហូបជប៉ុន បញ្ជាក់ដល់បេក្ខភាពដទៃពីសមត្ថភាពរបស់ខ្លួនដែលអាចធ្វើបានក្រៅពីម្ហូបខ្មែរ ក្នុងផ្ទះបាយ MasterChef

បេក្ខភាពចំនួន ៥ រូបរបស់ MasterChef Cambodia រដូវកាលទី៣ បានប្រឈមមុខនឹងវិញ្ញាសាដ៏លំបាកក្នុងការធ្វើម្ហូបបែបជប៉ុនកាលពីសប្ដាហ៍ទី២៣ ហើយ សំអន ទទួលបានជ័យជម្នះ ដើម្បីបង្ហាញថាខ្លួនមានសមត្ថភាពអាចចម្អិនម្ហូបបរទេសផ្សេងៗបាន ក្រៅពីម្ហូបខ្មែរ។

សំអន ដែលគេចាត់ទុកជាបេក្ខជនម្នាក់ដែលពូកែខាងម្ហូបខ្មែរ បានធ្វើឱ្យគណៈកម្មការ និងទស្សនិកជនមានការភ្ញាក់ផ្អើលជាមួយនឹងស្នាដៃដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួននៅក្នុងការធ្វើ ស៊ូស៊ី សាស៊ីមិ និងរ៉ូល ក្រោមការណែនាំពី Chef ចាន់រ៉ា ដែលជាអ្នកជំនាញខាងធ្វើម្ហូបជប៉ុន និងជាអតីតបេក្ខជនរបស់ MasterChef កាលពីរដូវកាលទី២។

មុននេះបន្តិច សំអន បានប្រកួតចាញ់ សុធារិទ្ធ ក្នុងការប្រកួតវិញ្ញាសាត្រី ធូណា នៃប្រអប់អាថ៌កំបាំងមួយទល់នឹងមួយ ប៉ុន្តែសំអន បានសងសឹកវិញភ្លាមៗ ដោយដណ្ដើមបានជ័យជម្នះនៅក្នុងវិញ្ញាសាម្ហូបជប៉ុន។ ជ័យជម្នះរបស់សំអន បានបង្ហាញថា បេក្ខជននីមួយៗត្រូវតែចេះសម្របខ្លួនឱ្យបានឆាប់រហ័សដើម្បីសក្តិសមជាកំពូលបេក្ខជន ៥ រូបចុងក្រោយរបស់កម្មវិធី។

សំអន នឹងប្រកួតនៅសប្ដាហ៍ទី២៤ ជាមួយបេក្ខភាពចំនួន ៤រូបទៀត ដែលមាន សុធារិទ្ធ ម៉ាលីន លីនដា និង លីនណា ដែលជាដំណាក់កាលដ៏កាន់តែសំខាន់នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៣នេះ។ តើបេក្ខជនរូបណាដែលនឹងត្រូវជម្រុះបន្ទាប់? ស្វែងរកចម្លើយ នៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia នាថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង