
សៀមរាប៖ ប្រជាពលរដ្ឋកម្ពុជា ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ស្នាមញញឹម នៃកម្ពុជាលើកទី២ នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងចង់ឃើញការរៀបចំឲ្យមានព្រឹត្តិការណ៍បែបនេះជាបន្តទៀត។
អ្នកស្រី សៅ សម្បត្តិ អាយុ៦៦ឆ្នាំ រស់នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដោយទទួលបានការផ្សព្វផ្សាយពីបណ្តាញសារព័ត៌មាននានាអំពីការរៀបចំព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ជាលើកទីពីរ អ្នកស្រីបានសម្រេចចិត្តធ្វើដំណើរជាមួយក្រុមគ្រួសារមកកាន់ខេត្តសៀមរាប ដើម្បីចូលរួមព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជានេះ។
អ្នកស្រីបង្ហាញមោទកភាព ក្នុងនាមជាខ្មែរដែលបានឃើញសិល្បៈ ប្រពៃណីរបស់ជាតិ មានភាពរស់រវើក ហើយក្រៅពីផ្តល់ភាពសប្បាយរីករាយដល់ទេសចរ ក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា បានជួយផ្សព្វផ្សាយ និងតម្លៃវប្បធម៌ អរិយធម៌ខ្មែរពីបុរាណ មកបង្ហាញទៅកាន់យុវជនយុវនារីខ្មែរ និងទេសចរបរទេសបានស្គាល់និងស្វែងយល់។
អ្នកស្រី និយាយថា “ចង់មកមើលស្នាមញញឹមរបស់យើង នៅសៀមរាប ក៏គិតថាប្រហែលជាទៅមើលដែរហើយ ក៏សួរថាគេលេងអីខ្លះ ថាគេលេងរបស់បុរាណៗ ទោះបីទៅលេងឯណាក៏មិនដូចរបស់ខ្មែរយើងទេ ខ្មែរយើងតាំងពីបុរាណមកដូចថាល្បែងបុរាណយើង ចាំមើលណាចោលឈូង ទាញព្រ័ត្រ លាក់កន្សែង បោះអង្គញ់ ស្អីផ្សេងៗទៀតច្រើន ហើយរបាំព្រះរាជទ្រព្យ ហើយរបាំបុរាណយើង។ មកដល់ឃើញសប្បាយណាស់ មនុស្សច្រើនកកកុញ ហើយនាំចៅមកមើលថានេះហើយខ្មែរបុរាណយើងអ៊ីចឹងណាចៅ ឱ្យចាំរហូត។
ចាប់អារម្មណ៍ការស្លៀកពាក់បុរាណយើង ខ្ញុំសប្បាយចិត្តបានឃើញអ៊ីចឹង គិតថាខ្មែរយើងពិតៗ គឺដើម្បីលើកកម្ពស់វប្បធម៌ជាតិយើង ឱ្យខ្ពស់ ឱ្យក្មេងជំនាន់ក្រោយ បានស្គាល់ថា ជាវប្បធម៌បុរាណខ្មែរយើង។ បើសំណូមពររបស់ខ្ញុំ ខ្ញុំចង់ឱ្យសុំឱ្យមានកម្មវិធីនេះ ឱ្យរៀងរាល់ឆ្នាំ ឬមួយឆ្នាំ២ដងបើអាចទៅរួច ដើម្បីឱ្យកូនខ្មែរយើងចងចាំ អ៊ីចឹងវាភ្លេចអស់ ព្រោះថាវប្បធម៌ខាងក្រៅចូលច្រើនណាស់ ខ្លាចក្មេងស្រកក្រោយភ្លេចអស់”។
សូមជម្រាបថា ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមពីសំណាក់លោកជំទាវ អ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ។ ព្រឹត្តិការណ៍បានរៀបចំលើកទី១ កាលពីខែសីហា ឆ្នាំ២០២៤។ សម្រាប់លើកទី២នេះ ស្នាមញញឹមនៃកម្ពុជា រៀបចំឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រោមប្រធានបទ យើងរួមគ្នាដើម្បីវប្បធម៌ ទេសចរណ៍។
នៅក្នុងពិធីបើកព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២ នៅមុខប្រាសាទអង្គរវត្ត លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ជាលើកទី២នេះ ធ្វើឡើងក្នុងគោលបំណងចំនួន២ នោះគឺទី១ដើម្បីអបអរសាទរខួបទី២០ នៃការយាងឡើងគ្រងព្រះបរមរាជ្យសម្បត្តិ របស់អង្គព្រះករុណាជាអម្ចាស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងទី២ ធ្វើឡើងដើម្បីជាការរួមគ្នាជំរុញការផ្សព្វផ្សាយអំពីសិល្បៈ វប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ខ្មែរ និងជាការបង្ហាញសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក។
លោកជំទាវ អ្នកឧកញ៉ា បន្តលើកឡើងថា ជាមួយគ្នានេះការរៀបចំព្រឹត្តិការណ៍នេះ ក៏ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ពោលគឺរួមគ្នាសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទីពីរ និងមានការសម្តែងសិល្បៈផ្សេងៗ អមជាមួយពិព័រណ៍ម្ហូបអាហារចម្រុះ ការសម្តែងទស្សនីយភាព ដង្ហែក្បួនព្រះមហាក្សត្រខ្មែរនាសម័យអង្គរ និងការសម្តែងរបាំខ្មែរជាច្រើនទម្រង់។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទីពីរ ក៏បានរៀបចំឱ្យមានពិព័រណ៍ភ្លក្សម្ហូបនំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរ និងប្រគំតន្ត្រីខ្នាតតូច ការសម្តែងផ្ទាំងទស្សនីយភាពល្បែងរបាំជាច្រើនទម្រង់ អមដោយការអត្ថាធិប្បាយ ដើម្បីជាកិច្ចស្វាគមន៍ចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានស្គាល់និងស្វែងយល់ពីប្រពៃណីវប្បធម៌ខ្មែរ៕
ប្រភព៖ CNC

