×

សំអន និងលីនដា ផ្ដល់ស្នាមញញឹម ដល់កុមារនៅសាលាបឋមសិក្សាមួយ ខណៈអ្នកទាំងពីរនឹងប្រកួតគ្នានៅវគ្គផ្ដាច់ព្រ័ត្រ MasterChef Cambodia នាថ្ងៃអាទិត្យសប្ដាហ៍នេះ

មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្រ MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages សំអន បានបង្ហោះនៅលើ Facebook ដើម្បីចែករំលែកនូវសកម្មភាពអំពើសប្បុរសធម៌របស់ខ្លួនជាមួយ លីនដា ។

ថ្មីៗនេះ អ្នកទាំងពីរបង្ហាញពីកម្មវិធីសប្បុរសធម៌របស់ពួកគាត់នៅឯសាលាបឋមសិក្សាអណ្តូងសំបូរ ក្នុងឃុំស្នាមពញរះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលពួកគាត់បានចែកសម្ភារសិក្សា និងនំប៉័ងដល់សិស្សានុសិស្ស ក្នុងគោលបំណងនាំមកនូវស្នាមញញឹម និងការគាំទ្រដល់សិស្សានុសិស្ស។

សំអន បានថ្លែងអំណរគុណចំពោះ គណនី Nary Khiev ដែលបានផ្តួចផ្តើមកម្មវិធីសប្បុរសធម៌នេះឡើង។ អំពើសប្បុរសធម៌នេះ ទទួលការអបអរសាទរពីទស្សនិកជនរបស់ MasterChef Cambodia ដែលវាជាការបង្ហាញទឹកចិត្តដ៏ល្អ និងការលះបង់របស់បេក្ខជនទាំងពីរដើម្បីសហគមន៍របស់យើង។

គួរបញ្ជាក់ថា សំអន លីនដា និងម៉ាលីន គឺជាបេក្ខជន Top 3 ដែលនឹងឈរចម្អិនក្នុងសមរភូមិផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ជាលើកចុងក្រោយ ដែលជាសប្ដាហ៍ទី២៥ ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមយកពាន MasterChef អមដោយទឹកប្រាក ២០០លានរៀល និងងារជាកំពូលចុងភៅឯកបន្ទាប់ ដែលនឹងក្លាយជាចុងភៅនៅសណ្ឋាគារលំដាប់ផ្កាយ ៥ Hyatt Regency ។

កម្មវិធីនេះ នឹងផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia នាថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ចាប់ពីម៉ោង ៨ យប់តទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង