![]()
ភ្នំពេញ៖ ក្រោយលេចវត្តមានប៉ារបស់ លីនណា ទៅលើកទឹកចិត្តកូនស្រីក្នុងកម្មវិធីប្រកួត MasterChef Cambodia រដូវកាលទី ៣មក ម្នាក់ៗនឹកស្មានមិនដល់ឡើយថា លីនណា មានប៉ាជាគ្រូបង្រៀមដ៏សែនកាចដែលធ្វើឱ្យសិស្សគ្រប់គ្នាខ្លាចឡើងញ័រជើង។

យោងតាមមតិដែលអតីតសិស្សជាច្រើនបានលើកឡើងថាប៉ារបស់នាងដែលគ្រប់គ្នាល្បីហៅ គ្រូសុង ពិតជាកាចខ្លាំង និងមានវិន័យតឹងរ៉ឹងបំផុតប្រចាំវិទ្យាល័យព្រះបាទសុរាម្រឹត រាល់ពេលលោកឈានជើងចូលក្នុងថ្នាក់ណា ថ្នាក់នោះនឹងប្រែជាសភាពស្ងាត់មួយរំពេច។ សិស្សមិនអាចទៅរៀនយឺត មិនអាចមិនចូលរួមមិនគោរពទង់ជាតិ និងសិស្សប្រុសមិនអាចទុកសក់វែងជាដាច់ខាត ប្រសិនសិស្សប្រុសៗណាហ៊ានលើ្មសបទបញ្ជាសាលា នោះលោកគ្រូនឹងជួយសារ៉េសក់ឱ្យជាមិនខាន។

ក្រៅពីល្បីថាជាគ្រូដ៏កាចហើយនោះ ពេលនេះលោកក៏ជាចុងភៅម្នាក់ដែររហូតធ្វើឱ្យ លីនណា បោះពាក្យបែបលេងសើចថា “ឃើញថា Feeback សាហាវៗណាស់ ឆ្នាំក្រោយឱ្យប៉ាចូលប្រកួត MasterChef សងសឹកឱ្យកូនម្តង”។ គួរបញ្ជាក់ដែរថា ខណៈប៉ារបស់ លីនណា ល្បីថាកាចខ្លាំង ប៉ុន្តែបែរជាកូនស្រីមានចរឹកខុសគ្នាស្រលះជាមួយឪពុករហូតត្រូវបានបេក្ខភាពដូចគ្នានិយាយថា នាងមានចរឹកលេងសើចច្រើន និងមិនមានបញ្ហាជាមួយបេក្ខភាពឯទៀតឡើយរហូតដល់អ្នកគាំទ្រមួយចំនួនដាក់រហ័សនាមឱ្យនាងថាជា នារីសន្តិភាព ទៀតផង៕
