
នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់សប្បុរសធម៌អង្កការផ្កាយសមុទ្រលើកទី៣ បានប្រមូលផ្តុំអ្នកស្រឡាញ់វិស័យបាល់ទាត់, ក្រុមបាល់ទាត់មកពីស្ថាប័ននានា និងប្រជាជនក្នុងសហគមន៍មកចូលរួមប្រកួតបាល់ទាត់មិត្តភាពនៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ ក្នុងរាជធានីភ្នំពេញ។
អង្គការផ្កាយសមុទ្រ តែងតែជំរុញស្មារតី “កីឡាដើម្បីភាពវិជ្ជមាន” ដោយប្រើបាល់ទាត់ជាវិធីសាស្ត្រមួយ ដើម្បីលើកកម្ពស់ជំនាញបំណិនជីវិត បរិយាបន្ន និងភាពជាអ្នកដឹកនាំសម្រាប់ក្រុមកុមារ ដែលងាយរងគ្រោះ។ មូលនិធិទាំងអស់ដែលរៃអង្គាស បានពីកម្មវិធីនេះនឹងត្រូវបានប្រើសម្រាប់គាំទ្រកម្មវិធីបាល់ទាត់ និងអប់រំរបស់អង្គការផ្កាយសមុទ្រ ដែលកម្មវិធីយើងមានអ្នកទទួលផលកុមារប្រមាណជាង ៤ពាន់នាក់ រៀងរាល់ឆ្នាំ ដែលក្នុងនោះក៏រួមមានកុមារី និងកុមារមានពិការភាពផងដែរ។
លោក Dave Ulmer នាយកប្រតិបត្តិក្រុមហ៊ុន CBS មានប្រសាសន៍ថា លោកសប្បាយចិត្តណាស់ដែលចូលរួមសកម្មភាពការប្រកួតកីឡាបាល់ទាត់នៅថ្ងៃនេះ ដែលអង្គារ ISF បានរៀបចំកម្មវិធីដ៏ល្អនេះឡើង ដើម្បីជួយទៅដល់កុមារក្រីក្រងាយរងគ្រោះ។ ហើយកម្មវិធីនេះ ពិតជាមានសារៈសំខាន់មែនទែន ដែលអ្នកទាំងអស់គ្នាត្រូវចូលរួមក្នុងការលើកកម្ពស់ការអប់រំសម្រាប់កុមារ ពីព្រោះថា វាគឺជាទំនួលខុសត្រូវមួយរបស់អ្នកទាំងអស់គ្នា ក្នុងការកសាងប្រទេសតាមរយៈការលើកកម្ពស់ការអប់រំសម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា។
លោក Dave Ulmer បានបន្តថា ពួកយើងបានព្យាយាមជួយដល់សហគមន៍ ព្រោះវាជាផ្នែកមួយរបស់ពួកយើង នៅពេលដែលលោកបានដឹងពីសកម្មភាពអំពើសប្បុរសធម៌របស់លោកមានអារម្មណ៍រំភើប។ ហើយវាជាការរួមចំណែកបន្តិចបន្តួចរបស់ពួកយើង តាមរយៈការចូលរួមពួកយើងជាក្រុមហ៊ុន CBS សង្ឃឹមថា លោកនឹងបន្តការងារសប្បុរសធម៌របស់លោកបន្តទៀត។ លោកលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជន និងស្ថាប័ននានា ក្នុងការចូលរួមចំណែកបរិច្ចាគជួយការងារសង្គមជាមួយ ISF ដែលជាអង្គារមួយបានដើរតួនាទីយ៉ាងសំខាន់ទៅលើការអប់រំ និងកីឡា សម្រាប់កុមារផងដែរ។
លោក Dave Ulmer បន្តថា ក្រុមហ៊ុន CBS ក៏បានរួមចំណែកជួយឧបត្ថម្ភដល់ការបណ្តុះបណ្តាលក្រុមបាល់ទាត់ Angkor United របស់ ISF ផងដែរ។ នៅកម្ពុជា កីឡាពិតជាមានសារៈសំខាន់ដែលពួកយើងអាចមើលឃើញពីក្តីសុបិន្ត, ពីក្តីសង្ឃឹម និងស្នាមញញឹមរបស់កុមារទាំងអស់នោះ ដែលពួកគាត់ទទួលបានការគាំទ្រនៅក្នុងការលេងកីឡា, ការចូលរួមប្រកួត, ការបណ្តុះបណ្តាល, បង្កើតទំនាក់ទំនង ព្រមទាំងទទួលបានការឧបត្ថម្ភសម្ភារៈកីឡា ដើម្បីបង្កើនគុណភាពនៃជីវិតផងដែរ។
ក្រុមហ៊ុន Cambodian Broadcasting Service (CBS) ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៣ ក្រុមហ៊ុន Cambodian Broadcasting Service (CBS) ដែលជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ត្រូវបានទទួលស្គាល់ថាជាបណ្តាញផ្សព្វផ្សាយនាំមុខគេ និងមានបទដ្ឋានច្នៃប្រឌិតខ្ពស់ក្នុងវិស័យទូរទស្សន៍កម្ពុជា។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន CBS បានខិតខំយ៉ាងខ្លាំងក្លា ក្នុងការបម្រើជាចំណីចក្ខុ និងចំណេះដឹងដល់ពលរដ្ឋកម្ពុជា តាមរយៈការផ្តល់កម្មវិធីផ្សាយលំដាប់អន្តរជាតិ ដែលនាំមកជូននូវទស្សនីយភាពកម្សាន្ត ការអប់រំ និងការបំផុសគំនិតផ្សេងៗ។ បន្ថែមពីនេះ ក៏រួមមានកម្មវិធីកម្សាន្ត ព័ត៌មាន និងចំណេះដឹងដ៏មានប្រជាប្រិយភាពបំផុតសម្រាប់អ្នកទស្សនារាប់លាននាក់នៅលើកញ្ចក់ទូរទស្សន៍ អនឡាញ និងតាមបណ្តាញផ្សព្វផ្សាយឌីជីថល ដូចជា CTN, MyTV, CNC, CNC Sports, និង CBS Digital ដោយធើ្វឱ្យ CBS ក្លាយជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលមានអ្នក ស្រលាញ់ គោរព និង ទស្សនា ច្រើនបំផុតក្នុងប្រទេសកម្ពុជា។
គួររំឮកថា ក្រុមហ៊ុន CBS ក៏ជាអ្នកឧបត្ថម្ភ និងជាដៃគូដ៏ធំមួយរបស់មូលនិធិ Cambodian Children’s Fund (CCF) និងអង្គការ Indochina Starfish Foundation (ISF) រួមទាំងបើកចំហរសម្រាប់ជំនួយសប្បុរសធម៌ដោយមិនប្រកាន់ជំនឿសាសនា ដែលជំរុញលើកកម្ពស់សិទ្ធិអំណាចរបស់កុមារនិងពលរដ្ឋក្រីក្រនៅកម្ពុជា ដើម្បីការផ្លាស់ប្តូរជីវិតជាវិជ្ជមាន ដោយផ្តល់ការអប់រំប្រកបដោយគុណភាព សេវាសុខាភិបាលល្អប្រសើ និងឱកាសផ្សេងៗទៀតនៅក្នុងសង្គម៕
