នៅសល់តែបេក្ខភាពចំនួន ៣ នាក់ប៉ុណ្ណោះក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលនឹងឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ម្នាក់ៗមានប្រវត្តិរៀងៗខ្លួនមកពីតំបន់ផ្សេងគ្នា ពោលគឺមកពីរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីការជម្រុះ សុធារិទ្ធ និងលីនណា កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួចមក លីនដា គឺជាបេក្ខនារីតែម្នាក់គត់ដែលតំណាងឱ្យរាជធានីភ្នំពេញ។ លីនដា ត្រូវបានចាត់ទុកជាបេក្ខនារីម្នាក់ដែលខ្លាំងផ្នែករសជាតិ ជាមួយបទពិសោធន៍ក្នុងការចម្អិនអាហារដ៏សម្បូរបែប និងអត្តចរិតដ៏គួរឱ្យគោរពផងដែរ។
ម៉ាលីន មកពីខេត្តកំពត ជាបេក្ខនារី ដែលមានភាពច្នៃប្រឌិត អមជាមួយរសជាតិដ៏ប្លែកពីតំបន់ភាគខាងត្បូងរបស់ប្រទេសកម្ពុជា។ ការច្នៃប្រឌិតលើការតុបតែងចាន ធ្វើឱ្យរសជាតិចានរបស់ម៉ាលីន កាន់តែលេចធ្លោបន្ថែមទៀត។
ចំពោះ សំអន មកពីខេត្តបន្ទាយមានជ័យ តែងតែធ្វើឱ្យគណៈកម្មការទាំង៣រូប ចាប់អារម្មណ៍ចំពោះមុខម្ហូបប្រពៃណីខ្មែររបស់គាត់ តែរយៈពេលចុងក្រោយ សំអនបង្ហាញពីការឡើងទឹកដៃលើម្ហូបបរទេសផងដែរ។
អ្នកទាំង៣ នឹងប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ MasterChef Cambodia រដូវកាលទី៣ ដើម្បីដណ្ដើមយកពាន MasterChef អមដោយទឹកប្រាក ២០០លានរៀល និងងារជាកំពូលចុងភៅឯកបន្ទាប់ ដែលនឹងក្លាយជាចុងភៅនៅសណ្ឋាគារលំដាប់ផ្កាយ ៥ Hyatt Regency ។
កម្មវិធីនេះ នឹងផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ព្រមទាំង Facebook និង YouTube ផ្លូវការរបស់ MasterChef Cambodia នាថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ចាប់ពីម៉ោង ៨ យប់តទៅ៕