ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាថ្ងៃដ៏វិសេសវិសាលបំផុតនៃខួបទី២១ឆ្នាំ ដែលកម្ពុជាបានចុះបញ្ជី «របាំព្រះរាជទ្រព្យ» គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៍អរូបីនៃមនុស្សជាតិ។
«របាំព្រះរាជទ្រព្យ» ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី។
របាំព្រះរាជទ្រព្យ (English: Royal Ballet of Cambodia) ជារបាំ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពល្បីល្បាញខាង ប្រណិតភាពនៃសម្លៀកបំពាក់ នៃការតុបតែងកាយ បំពាក់គ្រឿង មាសប្រាក់ អមទៅដោយក្បាច់រាំ ដែលមានភាពទន់ភ្លន់ ស្រស់ស្អាត គួរជាទីគយគន់ ដែលមើលទៅហាក់ដូច ជារបាំរបស់ពពួកទេវៈ ឬ ទេវតា (Devata) ដែលឈានទៅ រកលំដាប់ខ្ពស់របស់របាំ ដែលយើងអាចសន្មត់បានថាជា ស្ដេចរបាំ។
របាំព្រះរាជទ្រព្យ គឺជារបាំ ដែលរាជវង្សខ្មែរ បង្កើតជាទ្រព្យ ដ៏វិសេស ដើម្បីបង្ហាញពីភាពថ្លៃថ្នូរខ្ពង់ខ្ពស់ របស់អ្នករបាំខ្មែរ ដែលជាស្នាព្រះហស្ថ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ដែលច្នៃចេញពី របាំក្បាច់បុរាណខ្មែរ ក្នុងរាជ កាល ស្ដេច នរោត្តម ដែលរបាំនេះ បានជាប់ក្នុងបញ្ជីបេតិភណ្ឌពិភពលោក នៃមរតកអរូបីយតំណាង ឲ្យមនុស្សជាតិ របស់អង្គការ (UNESCO) នាថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ៕
ប្រភព៖ សមាគមសិល្បករខ្មែរ