ក្នុងឱកាសដឹកនាំចុងក្រោយ របស់លោក Ruben Amorim បានជួយ Sporting CP ឈ្នះ Manchester City ៤-១ ក្នុងការប្រកួត UEFA Champions League បានធ្វើអោយ អ្នកគាំទ្រ Man UTD រំភើបចិត្ត ដ្បិតបុរសសញ្ជាតិព័រទុយហ្កាល់ដែលត្រូវផ្លាស់ទៅទឹកដី Old Trafford សប្តាហ៍នេះ បានយកឈ្នះក្រុមគូប្រជែងពួកគេក្នុងលទ្ធផលយ៉ាងធំ។
លោក Amorim បានអះអាងនៅមុនការប្រកួតថា លោកផ្តោតសំខាន់ក្នុងដឹកនាំ Sporting CP ដណ្តើមយក៣ពិន្ទុពី Man City នៅក្នុងការប្រកួតចុងក្រោយរបស់ខ្លួននៅព័រទុយហ្កាល់។ ក្នុងការប្រកួត នៅកីឡដ្ឋាន Estadio Jose Alvalade នោះ ក្រុមម្ចាស់ផ្ទះ Sporting CP ពិតជាបានយកឈ្នះ Manchester City ពិតមែន។
ជ័យជំនះនេះ មិនត្រឹមជួយ Sporting ឈរចំណាត់ថ្នាក់ទី២ នៅ UEFA Champions League វគ្គ League Phase ប៉ុណ្ណោះទេ ថែមទាំងបានជួយលោក Amorim កើនប្រជាប្រិយភាពមុនចាកចេញពី Sporting CP មកកាន់ Man UTD ។ បុរស វ័យ៣៩ឆ្នាំ នឹងត្រូវទៅដឹកនាំ Man UTD ជំនួសលោក Erik ten Hag នៅពេលឆាប់ៗ។
ជាមួយនឹងលទ្ធផលដែលលោក Ruben Amorim បានជួយ Sporting CP ឈ្នះ Manchester City បានធ្វើអោយ អ្នកគាំទ្រក្រុម Man UTD ភ្ញាក់ផ្អើល និងរំភើបចិត្ត ដ្បិតលោកបានបំបាក់ក្រុមគូប្រជែងដ៏ខ្លាំងក្នុងក្រុង Manchester ដោយលទ្ធផលមិនគួរឱ្យជឿ។
ទាក់ទិននឹងរឿងនេះ អ្នកគាំទ្រ Man UTD បានបង្ហាញពីការសារទរស្រដៀងគ្នា ដោយអ្នកគាំទ្រមួយរូបឈ្មោះ Richard បានអោយដឹងថា “ លោក Ruben Amorim កំពុងធ្វើដំណើរមកហើយ។ សូមអបអរសាទរចំពោះជ័យជំនះរបស់ Sporting។ ខ្ញុំសប្បាយចិត្តដែលពួកគេអាចសម្រេចលទ្ធផឈ្នះ Man City ក្នុងទម្រង់លេងដ៏បែបនេះ។”
ឆ្លងកាត់ការប្រកួត៤លើកនៅវគ្គ League Phase ពានរង្វាន់ UEFA Champions League ក្រុម Sporting រកបាន១០ពិន្ទុ មិនស្គាល់ចាញ់ ឈរចំណាត់ថ្នាក់ទី២បណ្តោះអាសន្ន តាមពីក្រោយក្រុមកំពូលតារាង Liverpool ដែលឈ្នះទាំង៤លើកចំនួន ២ពិន្ទុ៕