×

លោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន គិតម៉េង បានដឹកនាំក្រុមការងារសមាគមសិល្បករខ្មែរចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន គិតម៉េង បានដឹកនាំក្រុមការងារសមាគមសិល្បករខ្មែរចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ «ព្រះបរមរតនកោដ្ឋ» ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៤។

ក្នុងឱកាសដ៏អធិកអធមនេះ លោកជំទាវអ្នកឧញ៉ាប្រធានសមាគម បានដឹកនាំសមាជិក សមាជិកាចំនួន២៦នាក់ ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងបន្ទាប់មកបន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ។

នៅក្នុងពិធីដ៏មហានក្ខត្តឫក្សនេះ មានវត្តមានរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងការពារជាតិ កងយោធពលខេមរភូមិន្ទ សមាគមផ្សេងៗជាច្រើនរូបទៀត។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យប្រជាជនខ្មែរគ្រប់ៗរូបចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ តស៊ូក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពេញលេញជូនកម្ពុជា ប្រកបដោយសន្តិវិធី។ រយៈ៧១ ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លងកាត់នូវដំណើរវិវឌ្ឍលើភាពជាម្ចាស់នៃជោគវាសនា និងអនាគតប្រទេសរបស់ខ្លួន រហូតយើងមានការរីកចម្រើនលូតលាស់បានដូចសព្វថ្ងៃ ក្រោមដំបូលនៃសុខសន្តិភាពដ៏ត្រជាក់ ហើយបន្តឆ្ពោះទៅមុខប្រកបដោយភាពស្វាហាប់។

ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ។

សូមជំរាបថា បារាំងបានដាក់អាណានិគមន៍លើដែនដីសុវណ្ណភូមិ អស់រយៈពេលជិតមួយសតវត្សរ៍ (១១ សីហា ១៨៦៣ – ៩ វិច្ឆិកា ១៩៥៣)។ ការដាក់អាណានិគមន៍របស់បារាំង លើដែនដីកម្ពុជា ក៏ដូចជាបណ្តាប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ី បានធ្វើឡើងបន្ទាប់ពីប្រទេសមហាអំណាចពិភពលោក ក្នុងសម័យនោះមួយនេះបានបាត់បង់អំណាចអាណានិគមរបស់ខ្លួននៅអាមេរិក (រដ្ឋល្វីស៊ីយ៉ានត្រូវលក់ទៅឲ្យអាមេរិក) ឯរដ្ឋកាណាដា ត្រូវអង់គ្លេសដណ្តើមយក។ ដើម្បីពង្រឹងអំណាចរបស់ខ្លួន បារាំងមានបំណងបាញ់ឆ្ពោះការដាក់អាណានិគមទៅតំបន់អាហ្វ្រិក និងអាស៊ី៕

ដោយ៖ គង់ វណ្ណៈ រូបភាព កែវ សារិទ្ធ អ៊ុន ផាណាត

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង