
នៅក្នុងសប្ដាហ៍ចុងក្រោយ របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បេក្ខជន ឃួន សំអន បានទទួលជ័យជម្នះ និងបានបង្កើតប្រវត្តិសាស្ត្រជាអ្នកឈ្នះដំបូងដែលមិនស្ថិតនៅរាជធានីភ្នំពេញ។
មកពីខេត្តបន្ទាយមានជ័យ សំអន បានគ្រងតំណែងជាជើងឯក បន្ទាប់ពីបានយកឈ្នះលើ ម៉ាលីន និង លីនដា ដោយការបង្ហាញពីជំនាញ ភាពច្បាស់លាស់ និងចំណង់ចំណូលចិត្តដ៏អស្ចារ្យ។ សំអនជាអ្នកឈ្នះ បន្ទាប់ពីលោក យូ ថនដារ៉ា មកពីរាជធានីភ្នំពេញកាលពីរដូវកាលទី១ និងកញ្ញា ប៉ិច ស្រីណុច មកពីរាជធានីភ្នំពេញ កាលពីរដូវកាលទី២។
វគ្គផ្តាច់ព្រ័ត្របានបង្ហាញពីការប្រកួតប្រជែងដ៏តានតឹងជាច្រើន ចាប់ផ្តើមជាមួយនឹងដំណាក់កាលទី១ នៃការចម្អិនម្ហូបច្នៃប្រឌិតដែលមានគ្រឿងផ្សំគោលជាត្រីឆ្ពង់ ដែលចានរបស់សំអន និងចានរបស់បេក្ខនារី លីម លីនដា ដែលមកពីរាជធានីភ្នំពេញ ធ្វើបានល្អជាងចានរបស់បេក្ខនារី ឆៃ តារាម៉ាលីន ដែលតំណាងឱ្យខេត្តកំពត។

នៅដំណាក់កាលទី២ ជុំទីមួយ គណៈកម្មការបានតម្រូវឱ្យចម្អិនអាហារសម្រន់ និងអាហារចម្បង ដែលចេញពីភាពច្នៃប្រឌិតរបស់កំពូលបេក្ខភាពទាំង២រូបចុងក្រោយ ពោលគឺ សំអន និង លីនដា ។ បន្ទាប់មក បេក្ខភាពទាំងពីរ ត្រូវចម្អិនបង្អែមនៅជុំទីពីរ ដែលលទ្ធផលសរុប សំអន ទទួលបានពិន្ទុខ្ពស់ជាតិ លីនដា ដើម្បីក្លាយជាម្ចាស់ជើងឯករដូវកាលទី៣ ជាមួយនឹងប្រាក់រង្វាន់ចំនួន ២០០លានរៀល និងទទួលតួនាទីថ្មីជាចុងភៅអាជីពនៅសណ្ឋាគារ Hyatt Regency ដោយក្លាយជាម្ចាស់ជ័យលាភី MasterChef ដំបូងគេដែលសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ។

ទស្សនាវគ្គផ្ដាច់ព្រ័ត្រ Masterchef Cambodia រដូវកាលទី៣ តាមរយៈវីឌីអូខាងក្រោម៖