
បន្ទាប់ពីការក្លាយជាម្ចាស់ពានរង្វាន់កម្មវិធី MasterChef Cambodia រដូវកាលទី៣ របស់បេក្ខជន ឃួន សំអន Chef Nak ដែលជាកំពូលចុងភៅដ៏ល្បីរបស់ប្រទេសកម្ពុជា បានសម្តែងការអបអរសាទរចំពោះម្ចាស់ពានរង្វាន់ថ្មីនៃកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះផងដែរ។
Chef Nak បានបង្ហោះសារជាមួយរូបថតរបស់ សំអន និងពានរង្វាន់របស់ MasterChef Cambodia ដូច្នេះថា៖ “បងសូមអបអរសាទរសម្រាប់ជោគជ័យដ៏ធំសម្បើមមួយនេះ សំអន”។
Chef Nak ដែលបានលះបង់ជាច្រើនក្នុងការអភិរក្សមរតកម្ហូបខ្មែរ បានឈ្នះពានរង្វាន់សៀវភៅធ្វើម្ហូបដ៏ល្អបំផុតនៅលើពិភពលោក តាមរយៈសៀវភៅ “សោយ” របស់គាត់។ កាលពីសប្ដាហ៍ទី៦ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ បេក្ខជនទាំងអស់ ត្រូវបានតម្រូវឱ្យស្លសម្លម្យ៉ាងដែលកូនខ្មែរពុំសូវបានស្គាល់ ពោលគឺ សម្លមរកត ដែលបានដកស្រង់ចេញពីសៀវភៅ សោយ ផ្ទាល់តែម្ដង។

ឥទ្ធិពលរបស់ Chef Nak បានជំរុញទឹកចិត្តចុងភៅ និងអ្នកចម្អិនតាមផ្ទះជាច្រើនរូប។ ការអបអររបស់ Chef Nak សម្រាប់ជ័យលាភីរបស់ សំអន មិនត្រឹមតែបង្ហាញពីសមិទ្ធផលផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទកភាពសម្រាប់វិស័យម្ហូបអាហារនៅកម្ពុជាផងដែរ៕

