
ជ័យជម្នះរបស់ សំអន ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ គឺមិនចៃដន្យទេ។ ក្នុងបទសម្ភាសជាមួយកម្មវិធីព័ត៌មានពេលល្ងាចរបស់ស្ថានីយទូរទស្សន៍ CTN ចុងភៅកំពូលមកពីខេត្តបន្ទាយមានជ័យរូបនេះ បានបង្ហើបពីយុទ្ធសាស្ត្ររបស់លោកដើម្បីទទួលបានជោគជ័យ គឺប្រកាន់ខ្ជាប់នូវអ្វីដែលលោកច្បាស់បំផុត។

សំអន បានចែករំលែកថា៖ “វគ្គនេះគឺជាវគ្គដែលអាចកំណត់ថាយើងជាម្ចាស់ពានឬអត់ ដូច្នេះហើយខ្ញុំតាំងចិត្តខ្លាំង ខ្ញុំមិនត្រូវការការកែច្នៃដូចសប្ដាហ៍មុនៗទេ ខ្ញុំច្បាស់មួយណា ខ្ញុំត្រូវតែធ្វើមួយហ្នឹង”។
សំអន បានជ្រើសរើសមុខម្ហូបដែលខ្លួនមានទំនុកចិត្ត ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលមានសម្ពាធខ្ពស់ ដើម្បីយកឈ្នះលើបេក្ខនារី ឆៃ តារាម៉ាលីន និង បេក្ខនារី លីម លីនដា។
សំអន បានទទួលស្គាល់ពីភាពខ្លាំងរបស់ដៃគូប្រកួតប្រជែងរបស់គាត់ផងដែរដោយនិយាយថា “ម៉ាលីន និង លីនដា សមនឹងស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៣”។ ទោះបីជាមានការរិះគន់ពីសំណាក់អ្នកគាំទ្រនៃដៃគូប្រជែងរបស់ខ្លួនក៏ដោយ ក៏ សំអន នៅតែបើកចំហចំពោះមតិទាំងនេះ និងមានមោទកភាពចំពោះស្នាដៃរបស់គាត់៕
