×

លីនដា ថាអនុស្សាវរីយ៍ក្នុងផ្ទះបាយ MasterChef Cambodia គឺជាជោគជ័យសម្រាប់ប្រជាជនខ្មែរគ្រប់ៗរូប

បេក្ខនារី លីម លីនដា ដែលជាម្ចាស់ជើងឯករងនៃកម្មវិធី MasterChef Cambodia រដូវកាលទី៣ បានចែករំលែកអំពីដំណើរក្នុងផ្ទះបាយមួយនេះនៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។ លីនដា បានអរគុណចំពោះឱកាស និងបទពិសោធន៍ដែលកម្មវិធីបានផ្តល់ឱ្យ។

លីនដា បានឆ្លុះបញ្ចាំងពីអារម្មណ៍ដែលខ្លួនទទួលបានពីកម្មវិធីនេះថា៖ “ឆ្លងកាត់រឿងរ៉ាវជាច្រើននៅក្នុងផ្ទះបាយមួយនេះ មានទាំងរំភើប ទុក្ខព្រួយ កម្សត់ គ្រប់រសជាតិទាំងអស់”។

លីនដា ក៏បានសរសើរដល់ក្រុមការងារ MasterChef ចំពោះការខិតខំប្រឹងប្រែងបង្កើតកម្មវិធីលំដាប់ពិភពលោក ដែលអនុញ្ញាតឱ្យអ្នកចម្អិនតាមផ្ទះមានឱកាសបញ្ចេញសមត្ថភាពរបស់ពួកគេឱ្យទស្សនិកជនក្នុងនិងក្រៅប្រទេសបានទស្សនា។ គាត់បានគូសបញ្ជាក់ទៀតថា កម្មវិធីនេះបានក្លាយជាវេទិកាមួយដើម្បីបង្ហាញពីមុខម្ហូបខ្មែរយើង ទៅកាន់ទស្សនិកជនទូទាំងពិភពលោក។

គាត់បានបន្តថា៖ “សូមអរគុណដល់ក្រុមការងារទាំងអស់ដែលលះបង់គ្រប់បែបយ៉ាង ដើម្បីឱ្យកម្មវិធីលំដាប់ពិភពលោកមួយនេះដំណើរការទៅយ៉ាងជោគជ័យ ហើយពិសេស ដែលអាចឱ្យកូនខ្មែរទទួលបាននូវបទពិសោធន៍ និងអាចបញ្ចេញសមត្ថភាពរបស់ខ្លួន ហើយបានបង្ហាញពីម្ហូបខ្មែរ។”

សាររបស់លីនដា បានទទួលនូវក្តីស្រឡាញ់ និងគាំទ្រពី Fan Fan ជាហូរហែ។ ទោះបីជាមិនអាចឈ្នះពានរង្វាន់ MasterChef Cambodia រដូវកាលទី៣ ដែលបានទៅលើលោក ឃួន សំអន ក៏ដោយ ក៏លីនដាមិនបង្ហាញពីអារម្មណ៍សោកស្ដាយនោះឡើយ ហើយចូលរួមអបអរសាទរដល់អ្នកពាក់ព័ន្ធគ្រប់ៗរូប ដែលធ្វើឱ្យកម្មវិធីទាំងមូលទទួលបានជោគជ័យ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង