×

សំអន ពីកូនកសិករក្លាយជាម្ចាស់ពានរង្វាន់ MasterChef Cambodia

លោក ឃួន សំអន ម្ចាស់ជ័យលាភី MasterChef Cambodia រដូវកាលទី៣ ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages បានបង្ហាញពីជីវប្រត្តិរបស់ខ្លួន កាលពីពេលថ្មីៗនេះ។

កើតក្នុងគ្រួសារដែលមានឪពុកម្ដាយជាកសិករធ្វើស្រែចម្ការ ការសិក្សារបស់ សំអន បានបញ្ចប់ត្រឹមថ្នាក់ទី៧ និងបានចេញទៅធ្វើការនៅប្រទេសជិតខាង។ ទោះជាយ៉ាងណា ការតាំងចិត្តរៀនរបស់គាត់មិនបានបញ្ចប់ត្រឹមនោះទេ។

សំអន មិនបានអាក់អន់ចិត្តចំពោះឪពុកម្ដាយរបស់ខ្លួនឡើយ ព្រោះពួកគាត់ពុំមានលទ្ធភាពដើម្បីឱ្យខ្លួនបានសិក្សាបន្ត។ បន្ទាប់ពីត្រឡប់ពីក្រៅស្រុកវិញ នៅឆ្នាំ ២០១៨ សំអនបានបួស ដើម្បីទទួលបានការអប់រំ ដែលជាការផ្លាស់ប្តូរជីវិតរបស់គាត់។ នៅឆ្នាំ ២០១៩ គាត់ទទួលបានអាហារូបករណ៍សិក្សាពេញរយៈពេល ៤ ឆ្នាំនៅពុទ្ធិកសាកលវិទ្យាល័យសីហនុរាជ។

មុនចូលរួមក្នុងកម្មវិធី MasterChef Cambodia សំអន ដែលមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ គឺជាគ្រូបង្រៀនភាសាអង់គ្លេសថ្នាក់មត្តេយ្យនៅរាជធានីភ្នំពេញ។

ឆ្លុះបញ្ចាំងពីដំណើរជីវិតដ៏លំបាក សំអន បានចាត់ទុកការឈ្នះពានរង្វាន់ MasterChef Cambodia ថា៖ “ពាននេះតំណាងឱ្យការខិតខំប្រឹងប្រែងដែលខ្ញុំមិនបោះបង់ចោល ការជម្នះនូវឧបសគ្គលើវិស័យម្ហូបអាហារ និងបង្ហាញពីក្ដីស្រឡាញ់របស់ខ្ញុំចំពោះវិស័យនៃការចម្អិនមួយនេះ”។

ជ័យជម្នះរបស់សំអន សក្តិសមជាការលើកទឹកចិត្តដល់យុវជនគ្រប់ៗរូបដែលកំពុងជួបការលំបាក មិនត្រូវបោះបង់ចោលការសិក្សាឡើយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង