×

ខ្លះៗនៃប្រវត្តិពិធីបុណ្យអុំទូក

ភ្នំពេញ៖ ពិធីបុណ្យអុំទូក ត្រូវបានគេតំណាលមកថាជាពិធីបុណ្យរំឭកដល់ការដឹងគុណចំពោះកងទ័ពជើងទឹករបស់កម្ពុជា ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំងខ្មែរ-ចាម នាស.វទី១២ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ក្នុងរវាងឆ្នាំ ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.សករាជ។ រីរៈភាពនៃកងទ័ពជើងទឹករបស់កម្ពុជានេះហើយ ដែលត្រូវបានគេជឿថា ព្រះបាទជ័យវរ្ម័នទី៧ បានប្រារព្ធពិធី ប្រណាំងទូកនេះឡើង ដែលមានកងទ័ពទូកជាច្រើនក្រាសក្រែលចូលរួម នេះបើយោងតាមចម្លាក់នាប្រាសាទបាយ័ន្ត និង ប្រាសាទបន្ទាយឆ្មារដែលពណ៌នាអំពីព្រឹត្តិការណ៍នៃចម្បាំងនេះ។

 

ពិធីប្រណាំងទូកនេះទៀតសោតមានកត់ត្រាក្នុងឯកសារមហាបុរសខ្មែរឆ្នាំ១៩២៨ ផែនដីព្រះស្រីជេដ្ឋា និង ផែនដីព្រះចន្ទរាជា នាស.វទី១៦ (ចេញផ្សាយដោយព្រះរាជបណ្ណាល័យជាតិកម្ពុជា ដោយអំណះអំណាងខាងលើនេះ ទើបមាននូវកិច្ចពិធីប្រណាំងទូកនេះឡើង ក្នុងខែកក្ដិក មានរយៈពេល ៣ ថ្ងៃ ដែលបានចាត់ចូលក្នុងពិធីបុណ្យអុំទូកនេះឯង ជារៀងរាល់ឆ្នាំប្រជាជនខ្មែរមកពីបណ្ដាលខេត្តក្រុងនានា បាននាំទូកមកសំចត តាមដងទន្លេនាម្ដុំមុខព្រះបរមរាជវាំង ដើម្បីត្រៀមខ្លួនចូលរួមប្រកួតប្រណាំង ដើម្បីប្រជែងយកជ័យលាភី ពីកម្មវិធីប្រកួតដ៏អស្ចារ្យនេះ ទូកដែលពលរដ្ឋយកមកប្រណាំងនេះ វាមិនត្រឹមតែជាការបង្ហាញផ្នែកមួយនៃវប្បធម៌ប្រពៃណី និង ជំនឿនោះទេ ទៀតសោត វាបានបង្ហាញជាប្រភេទកីឡាប្រណាំងទូកទៅកាន់សកលលោកផងដែរ។

ការប្រណាំងទូកនេះដែរគឺមាននារីម្នាក់រាំនៅលើក្បាលទូកដែលពលរដ្ឋខ្មែរមានជំនឿថាតំណាងឱ្យដួងវិញាណនៃអ្នកថែរក្សាទូក ឬហៅថាជំនាងទូកដោយទំនៀមយកស្ត្រីមករាំនៅលើក្បាលទូកនេះ បានបន្តក្នុងផ្នត់គំនិតពលរដ្ឋខ្មែរមកដល់សព្វថ្ងៃនេះ។ សិល្បៈនៃការរាំនៅលើក្បាលទូក ក៏មានវត្តមាន បុរសផងដែរ ដែលតំណាងឱ្យអ្នកដឹកនាំទូក ដែលមានជាសម្រែកបញ្ជាក់ប្រាប់ឱ្យក្រុមរបស់ខ្លួន ប្រតិបត្តិការណ៍ព្រមគ្នាៗ ដោយស្វាហាប់ និង ស្រុះគ្នាដើម្បីឈានទៅដល់ទីគោលដៅរបស់ពួកគេ។ ទូកប្រណាំងទាំងអស់តែងតែមាននៅរូបគំនូរ ភ្នែកទូក ដែលធ្វើឱ្យទូកហាក់ដូច ជាមានជីវិតតំណាងឱ្យសត្វនាគ ផុសអណ្ដែតនៅលើផ្ទៃទឹកដូច្នោះដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង