×

ម្ហូប ៤មុខពីម្ចាស់ពាន MasterChef Cambodia រដូវកាលទី៣ ឃួន សំអន បង្កប់អត្ថន័យគួរឱ្យចាប់អារម្មណ៍

ភ្នំពេញ៖ ភាពជោគជ័យរបស់ម្ចាស់ជ័យលាភីក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ឃួន សំអន មិនមែនជាភាពចៃដន្យ ឬ សំណាងឡើយ ប៉ុន្តែពានកម្មវិធីលំដាប់អន្តរជាតិមួយនេះគឺបានមកពីទេពកោសល្យ និងសមត្ថភាពផ្ទាល់របស់ សំអន ដែលជាអតីតបេក្ខភាពក្មេងវ័យជាងគេក្នុងផ្ទះបាយ MasterChef។ យ៉ាងណាមិញ ម្ចាស់ពានវ័យក្មេងរូបនេះបានលើកយកមុខម្ហូបចំនួន ៤មុខមកចែករំលែកថា “បួនចានរបស់ខ្ញុំដែលបានបង្កប់រឿងរ៉ាវមួយចំនួនដែលខ្ញុំលើកយកមកនិយាយមិនបានអស់ក្នុងកម្មវិធីដោយ៖


ទី១៖ “បឹងព្រលិត” វាជាការចងចាំដ៏ល្អមួយកាលពីក្មេងៗ ដែលខ្ញុំបានទិញនំគ្រក់មួយថង់ ទៅអង្គុយមើលយាយខ្ញុំចុះបេះព្រលិតក្នុងបឹង ដែលពោពេញទៅដោយផ្កាព្រលិតរីកស្គុះស្គាយ ចំណែកខ្ញុំវិញក៏អង្គុយញ៉ាំនំគ្រក់យ៉ាងឆ្ងាញ់ជាមួយបរិយាកាសដ៏ល្អដែលមិនអាចបំភ្លេចបាន! ហើយនំគ្រក់នេះគឺជាកម្លាំងចិត្តដ៏ធំបំផុតដែល ធ្វើឱ្យខ្ញុំមានគំនិតផុសឡើងក្នុងការយកនំរបស់ខ្មែរ ផ្សេងៗទៀតមកកែច្នៃ តុបតែងឡើងវិញឱ្យកាន់តែមានភាពលេចធ្លោនិងបង្ហាញទៅគេឱ្យកាន់តែចាប់អារម្មណ៍មកលើនំរបស់ខ្មែរ។

ទី២៖ “ស្កាឡប់” មួយមុខនេះបំផុសគំនិតឡើងពីរឿង នាងទេពមច្ឆា ដែលរស់នៅក្នុងទឹក និងមានបំណងចង់ឡើងមកលើគោករស់នៅដូចមនុស្ស។

ទី៣៖ “សួនបង្អែម” ក្នុងបង្អែមនេះខ្ញុំចង់បង្ហាញពីទឹកចិត្ត និងក្តីស្រឡាញ់របស់ខ្ញុំទៅលើការគូរគំនូរ ដែលចានមួយនេះប្រៀបដូចជាក្រដាសសរបស់ខ្ញុំ ដែលអាចគូរដាក់ពណ៌អ្វីៗគ្រប់បែបយ៉ាងទៅតាមអារម្មណ៍ ដែលខ្ញុំចង់បញ្ចេញ។

ទី៤៖ “នំតោ្នត” នំត្នោតនេះ ជានំមួយដែលខ្ញុំមិនលើកយកមកនិយាយមិនបាន ដោយសារតែកាលពីក្មេងៗ មីងរបស់ខ្ញុំគាត់ជាអ្នកធ្វើនំត្នោតលក់ សឹងតែអាចនិយាយបានថា ក្លិនរបស់នំត្នោតគឺដកជាប់ក្នុងច្រមុះរបស់ខ្ញុំរហូតមកដល់សព្វថ្ងៃ ម្យ៉ាងវិញទៀតផ្កាដែលខ្ញុំបត់កាលពីក្មេងៗលេង ខ្ញុំមិននឹកស្មានថាមានឱកាសបានមកធ្វើលើឆាកអន្តរជាតិបែបនេះសោះ។

គួរបញ្ជាក់ដែរថា ការឈ្នះពាន និងប្រាក់រង្វាន់ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នេះបានធ្វើឱ្យជីវិតរបស់ សំអន ផ្លាស់ប្តូរទាំងស្រុងតែម្តងថែមទាំងមានអ្នកគាំទ្រពីគ្រប់ទីកន្លែងទៀតផង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង