
ការប្រកួតដ៏ស្វិតស្វាញដើម្បីស្វែងរកម្ចាស់ម៉ូតូដ៏ថ្មីសន្លាងមួយគ្រឿង នឹងឈានចូលមកដល់ក្នុងសប្ដាហ៍នេះ នៅស្ទូឌីយូរបស់ស្ថានីយទូរទស្សន៍ CTN ឫស្សីកែវ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញជាច្រើនសប្តាហ៍ ខណៈអ្នកប្រដាល់ពីររូបត្រៀមប៉ះគ្នា និងឱកាសដើម្បីឈានទៅដណ្ដើមខ្សែក្រវាត់មាស អមជាមួយទឹកប្រាក់ ២០លានរៀល។
ក្នុងការប្រកួតដ៏ជក់ចិត្តនេះ គូដណ្ដើមម៉ូតូ នឹងឆ្ពោះទៅដណ្ដើមខ្សែក្រវាត់មាស កូននាគល្អក្បាច់ ប៊ន ពន្លឹក ជួបជាមួយ អ្នកលេងកំពូលតាន់ ជុនរឿង សារ៉ូត ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម នៅស្ទូឌីយោស្ថានីយទូរទស្សន៍ CTN នាថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
បន្ថែមពីនេះ ក៏មានគូមិត្តភាពអន្ដរជាតិ ខ្លាចាស់មុខស្រស់ ឡុង បេនលឿន ជួបជាមួយអ្នកខ្លាំងមកពី SPAIN MARC និង យ៉េន ឌីណា ជួបជាមួយកីឡាករចិន PENG FAJUN ។ ដោយឡែកកីឡាករ អ៊ុង កំសត់ ជួបជាមួយ JOHNSON HENRY ។
គូមិត្តភាពជាតិ កីឡាករ សេក គឹមបេន ជួបជាមួយ ហេង សារ៉ាន់ កូននាគកំពូលសឿង ហាប់ ខា ប៉ះជាមួយអ្នកលេងកណ្ដាប់ដៃឆ្វេង ផានិត វាន់ហួន និង ប្រាក់ ស៊ីនា ជួបជាមួយ ផានិត រ៉ាតូ ទាំងប្ដេជ្ញាដណ្ដើមយកជ័យជម្នះ និងឈានទៅកៀកកិត្យានុភាពបំផុតក្នុងក្បាច់គុនខ្មែរ។
ផ្សាយផ្ទាល់៖ ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ CTN TV និង CNC Sports ចាប់ពីម៉ោង ៨ យប់តទៅ