
អតីតបេក្ខភាពរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ វីល្លៀម និង លីនដា បានប្រកាសពីកម្មវិធីសប្បុរសធម៌ ក្នុងគោលបំណងជួយកុមារកំព្រានៅមជ្ឈមណ្ឌលមែកឈើ នៅបែកចាន នាថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។
កម្មវិធីនេះនឹងមានការចូលរួមពី វីល្លៀម លីនដា និងមិត្តភក្តិរបស់ពួកគាត់ជាច្រើនទៀត ដើម្បីរៀបចំមុខម្ហូបពិសេសសម្រាប់កុមារចំនួន ២៥០ នាក់។

មុខម្ហូបរួមមាន ឆាម្រះព្រៅសាច់គោ ខស្ពៃជូរក្បាលត្រីសាលម៉ុន និងបង្អែម សារាយចម្រុះពណ៌ ព្រមទាំងនំបត់ខ្មែរ។ បន្ថែមពីលើអាហារ សម្ភារសិក្សា និងសម្លៀកបំពាក់ នឹងត្រូវចែកជូនដល់កុមារកំព្រាទាំង២៥០នាក់ផងដែរ។
លោកវីល្លៀម និង លីនដា បានលើកទឹកចិត្តអ្នកគាំទ្រឱ្យចូលរួមចំណែកដោយការបរិច្ចាគសម្ភារសិក្សា សម្លៀកបំពាក់ ឬថវិកា ក្នុងកម្មវិធីនេះតាមរយៈពួកគាត់។ គំនិតផ្តួចផ្តើមនេះ បានបង្ហាញពីអំពើសប្បុរស និងស្មារតីជួយដល់កុមារកំព្រារបស់អតីតបេក្ខជន MasterChef ដោយប្រើប្រាស់ជំនាញរបស់ពួកគាត់ដើម្បីជួយដល់សហគមន៍៕

