ក្រុមហ៊ុន CBS ដែលជាផ្នែកមួយនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក៏ជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ថ្មីៗនេះបានស្វាគមន៍យ៉ាងកក់ក្ដៅនូវនិស្សិត និងគណៈប្រតិភូមកពីសាកលវិទ្យាល័យ De Montfort ដែលជាសាកលវិទ្យាល័យចក្រភពអង់គ្លេសដំបូងគេក្នុងប្រទេសកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចសិក្សារបស់ពួកគេ។
ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ CBS មានភាពល្បីល្បាញផ្នែកបរិក្ខារទំនើប ក្នុងនោះមានស្ទូឌីយ៉ូ Camwood ដែលបំពាក់ឧបករណ៍ថ្មីសន្លាង បច្ចេកវិទ្យាផ្សាយទំនើបចុងក្រោយ និងអ្នកជំនាញដែលមានចំណេះដឹងខ្ពស់។ ដំណើរទស្សនកិច្ចនេះ បានផ្តល់ឱ្យនិស្សិតសាកលវិទ្យាល័យ De Montfort នូវឱកាសយ៉ាងពិសេសមួយ ក្នុងការឈ្វេងយល់ដោយផ្ទាល់ចំពោះប្រតិបត្តិការរបស់ CBS រួមទាំងការរៀបចំឆាកសម្រាប់ការផលិតកម្មវិធីធំៗដូចជា MasterChef Cambodia ការបង្កើតកម្មវិធីចម្រុះ ការផ្សាយព័ត៌មានផ្ទាល់ និងដំណើរការត្រួតពិនិត្យការផ្សាយ។
បទពិសោធន៍ផ្ទាល់នេះ ផ្តល់ឱ្យនិស្សិតទាំងអស់នូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រតិបត្តិការរបស់ក្រុមហ៊ុនផ្សព្វផ្សាយដែលឈានមុខគេ ដើម្បីកាត់បន្ថយនូវគម្លាតរវាងចំណេះដឹងផ្នែកសិក្សា និងការអនុវត្តផ្ទាល់។ ដំណើរទស្សនកិច្ចនេះ នឹងផ្ដល់ឱ្យនិស្សិតដែលនឹងក្លាយជាអ្នកជំនាញនាថ្ងៃអនាគតនូវជំនាញសំខាន់ៗដើម្បីត្រៀមចូលទៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយដែលមានការប្រកួតប្រជែង និងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។
លើសពីនេះ ដំណើរទស្សនកិច្ចនេះបានត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការដ៏មានសក្តានុពលរវាងក្រុមហ៊ុន CBS និងសាកលវិទ្យាល័យ De Montfort ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ។ តាមរយៈការរួមបញ្ចូលគ្នារវាងឧត្តមភាពសិក្សាជាមួយអ្នកជំនាញក្នុងឧស្សាហកម្មនេះ ស្ថាប័នទាំងពីរមានគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍ និងការច្នៃប្រឌិតនៃឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា។
ក្រុមហ៊ុន Cambodian Broadcasting Service (CBS)
ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៣ ក្រុមហ៊ុន Cambodian Broadcasting Service (CBS) ដែលជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ត្រូវបានទទួលស្គាល់ថាជាបណ្តាញផ្សព្វផ្សាយនាំមុខគេ និងមានបទដ្ឋានច្នៃប្រឌិតខ្ពស់ក្នុងវិស័យទូរទស្សន៍កម្ពុជា។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន CBS បានខិតខំយ៉ាងខ្លាំងក្លា ក្នុងការបម្រើជាចំណីចក្ខុ និងចំណេះដឹងដល់ពលរដ្ឋកម្ពុជា តាមរយៈការផ្តល់កម្មវិធីផ្សាយលំដាប់អន្តរជាតិ ដែលនាំមកជូននូវទស្សនីយភាពកម្សាន្ត ការអប់រំ និងការបំផុសគំនិតផ្សេងៗ។ បន្ថែមពីនេះ ក៏រួមមានកម្មវិធីកម្សាន្ត ព័ត៌មាន និងចំណេះដឹងដ៏មានប្រជាប្រិយភាពបំផុតសម្រាប់អ្នកទស្សនារាប់លាននាក់នៅលើកញ្ចក់ទូរទស្សន៍ អនឡាញ និងតាមបណ្តាញផ្សព្វផ្សាយឌីជីថល ដូចជា CTN, MyTV, CNC, CNC Sports, និង CBS Digital ដោយធើ្វឱ្យ CBS ក្លាយជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលមានអ្នក ស្រលាញ់ គោរព និង ទស្សនាច្រើនបំផុតក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន CBS ក៏ជាអ្នកឧបត្ថម្ភ និងជាដៃគូដ៏ធំមួយរបស់មូលនិធិ Cambodian Children’s Fund (CCF) និងអង្គការ Indochina Starfish Foundation (ISF) រួមទាំងបើកចំហរសម្រាប់ជំនួយសប្បុរសធម៌ដោយមិនប្រកាន់ជំនឿសាសនា ដែលជំរុញលើកកម្ពស់សិទ្ធិអំណាចរបស់កុមារនិងពលរដ្ឋក្រីក្រនៅកម្ពុជា ដើម្បីការផ្លាស់ប្តូរជីវិតជាវិជ្ជមាន ដោយផ្តល់ការអប់រំប្រកបដោយគុណភាព សេវាសុខាភិបាលល្អប្រសើ និងឱកាសផ្សេងៗទៀតនៅក្នុងសង្គម៕