×

លោក Ruud van Nistelrooy ខិតកាន់តែកៀកការក្លាយជាគ្រូបង្វឹកថ្មី Leicester City

មានការរាយការណ៍ថា លោក Ruud van Nistelrooy ខិតកាន់តែកៀកការក្លាយជាគ្រូបង្វឹកថ្មីរបស់ Leicester City។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាននានានៅអង់គ្លេស។

Leicester City ទើបតែបានចែកផ្លូវជាមួយ គ្រូបង្វឹកលោក Steve Cooper ក្រោយពីលោកដឹកនាំក្លិបមួយនេះ ទើបបានតែ១៥ប្រកួត។ លោក Steve Cooper បានចូលដឹកនាំ Leicester City កាលពីខែមិថុនា កន្លងទៅ ដោយកាន់តំណែងបន្តពីលោក Enzo Maresca ដែលបានចាកចេញទៅដឹកនាំ Chelsea ។ ទោះយ៉ាងណា ការដឹកនាំរបស់បុរស ជនជាតិវេលស៍ វ័យ៤៤ឆ្នាំ មិនទទួលលទ្ធផលល្អដូចការរំពឹងទុក ដោយឆ្លងកាត់ ១២ ប្រកួតនៅក្របខណ្ឌ Premier League ក្រុម Leicester City ឈ្នះតែ២ដង ស្មើ ៤ដង និង ចាញ់ ៦ដង។

ការបរាជ័យចុងក្រោយរបស់ពួកគេគឺចាញ់ Chelsea នៅក្របខណ្ឌ Premier League ដោយលទ្ធផល ២-១ ដែលធ្វើអោយ Leicester City ឈរនៅលេខ១៦ក្នុងតារាងពិន្ទុ មាន ១០ ពិន្ទុ ពីលើតំបន់កាត់ចោលតែ១ពិន្ទុ។ លោក Steve Cooper ក៏បានដឹកនាំ Leicester City ទទួលលទ្ធផលមិនល្អនៅពានរង្វាន់ EFL Cup ដោយធ្លាក់ត្រឹមជុំទី៤ ក្រោយចាញ់ Manchester United ៥-២។

លោក Steve Cooper បានកា្លយជាគ្រូបង្វឹកទី២ នៅក្នុងក្របខណ្ឌ Premier League ២០២៤-២៥ នេះ ដែលត្រូវបានបញ្ចប់តំណែង បន្ទាប់ពី លោក Erik ten Hag ដែលត្រូវបាន Man UTD បញ្ចប់តំណែងកាលពីពេលថ្មីៗនេះ។

ក្រោយចែកផ្លូវជាមួយលោក Steve Cooper រួច Leicester City បានតែងតាំងជំនួយការគ្រូបង្វឹកលោក Ben Dawson មកដឹកនាំក្រុមជាបណ្តោះអាសន្នសិន។ ខណៈពួកគេកំពុងសម្លឹងរកមើលគូ្របង្វឹកអចិន្ត្រៃយ៍ថ្មី ដោយក្នុងនោះ អតីតគ្រូបង្វឹកបណ្តោះអាសន្ន Man UTD លោក Ruud van Nistelrooy ជាបេក្ខភាពឈានមុខដែលក្លិបមើលឃើញ។ ឥឡូវនេះ ការចរចារវាងលោក Leicester City និង លោក Ruud van Nistelrooy កំពុងមានភាពរលូន ហើយភាគរយដែលលោកនឹងក្លាយជាគ្រូបង្វឹកថ្មីនៅទឹកដី King Power កាន់តែមានកម្រិតខ្ពស់។

ការដែល Leicester City ចង់បានលោក Ruud van Nistelrooy មកជាគ្រូបង្វឹកថ្មី ព្រោះលោកបានដឹកនាំ Man UTD ទទួលលទ្ធផលជាផ្លែផ្កាទោះបីដឹកនាំក្រុមក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន។ លោកបានបញ្ចេញសមត្ថភាពនៃការដឹកនាំ Man UTD ផ្តួល Leicester City នៅក្របខណ្ឌ២ផ្សេងគ្នាដល់ទៅ២ដងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង