ខ្សែបម្រើ Edoardo Bove របស់ក្លិបអ៊ីតាលី Fiorentina ត្រូវបានដឹកចេញពីទីលានក្នុងរថយន្តសង្គ្រោះបន្ទាន់ បន្ទាប់ពីបានដួលសន្លប់ភ្លាមៗបន្ទាប់ពីការចាប់ផ្តើមការប្រកួតក្របខណ្ឌ Serie A របស់ពួកគេទល់នឹង Inter Milan កាលពីចុងសប្តាហ៍កន្លងទៅ។
Fiorentina បានបង្ហោះសារនៅលើគណនី X ផ្លូវការរបស់ក្លិបថា “ACF Fiorentina និងមន្ទីរពេទ្យសាកលវិទ្យាល័យ Careggi បានប្រកាសថា កីឡាករបាល់ទាត់ Edoardo Bove ដែលត្រូវបានព្យាបាលបឋមនៅលើទីលានបន្ទាប់ពីបាត់បង់ស្មារតីក្នុងអំឡុងពេលការប្រកួតរបស់ Fiorentina ទល់នឹង Inter Milan បច្ចុប្បន្នកំពុងមានស្ថេរភាព ប៉ុន្តែរូបគេនៅស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងស្ថិតក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់។”
អំឡុងការប្រកួតរវាង Fiorentina ទល់នឹង Inter Milan នោះ កីឡាករ Edoardo Bove ត្រូវបានមើលឃើញមានអាការៈមិនល្អ ហើយក៏ដួសសន្លប់នៅនាទី១៧ ខណៈក្រុមទាំង២នៅមានលទ្ធផល ០-០ នៅឡើយ។ កីឡាករវ័យ២២ឆ្នាំ ត្រូវបានក្រុមសង្គ្រោះចូលពិនិត្យអាការៈ និង ព្យាបាលបឋមនៅលើទីលាន ប៉ុន្តែក្រោយមកក៏ហៅរថយន្តសង្គ្រោះមកយករូបគេទៅព្យាបាលបន្ទាន់តែម្តង។
ដោយសារបញ្ហានេះ មន្ត្រីអាជ្ញាកណ្តាលបានសម្រេអោយការប្រកួតក្របខណ្ឌ Serie A សប្តាហ៍ទី១៤ រវាង Fiorentina និង Inter Milan ត្រូវបានបញ្ឈប់ផងដែរ។
Edoardo Bove បានផ្ទេរមកពី Roma មកកាន់ Fiorentina ក្នុងលក្ខខណ្ឌខ្ចីជើង ដោយមកទល់នឹងពេលនេះ រូបគេបានបង្ហាញខ្លួន ១៤ដង រកបាន១គ្រាប់សម្រាប់ Fiorentina នៅគ្រប់ការប្រកួត។
ដោយឡែក អ្នកនាំពាក្យរបស់ក្របខណ្ឌ Serie A បាននិយាយថា ការប្រកួតរវាងក្រុមទាំង២ត្រូវបានផ្អាក ហើយពួកគេនឹងដោះស្រាយស្វែងរកពេលវេលាសមរម្យណាមួយ ដើម្បីចាប់ផ្តើមការប្រកួតមួយនេះឡើងវិញ៕