ក្រុម Liverpool នៅតែបន្តធ្វើបានយ៉ាងល្អក្នុងការប្រកួតប្រជែងរបស់ខ្លួន ដោយពួកគេទើបតែយកឈ្នះ ក្រុម Man City ដោយលទ្ធផល ២-០ ក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។
ជំនួបដែលធ្វើឡើងនាកីឡដ្ឋាន Anfield ក្រុមទាំងសងខាងមានការវាយសម្រុកទៅមកយ៉ាងជក់ចិត្ត ប៉ុន្តែ លេងបាន១២នាទី Cody Gakpo បានរកគ្រាប់បើកឆាកសម្រាប់ក្រុមម្ចាស់ផ្ទះ Liverpool។ ក្រុម Man City ព្យាយាមវាយលុករកគ្រាប់បាល់មកវិញ ប៉ុន្តែមិនបានសម្រេច ខណៈ Liverpool ក៏មិនអាចរកបានគ្រាប់បាល់សាជាថ្មីទើប វគ្គទី១ បញ្ចប់ដោយលទ្ធផល ១-០។
ចូលមកដល់វគ្គទី២ ក្រុមទាំងសងខាងបន្តប្រជែងគ្នាស្វែងរកគ្រាប់បាល់យ៉ាងមមាញឹកដដែល។ យ៉ាងណា នាទី៧៨ កីឡាករ Stefan Ortega បានបង្កកំហុសលើ Luis Diaz ដែលនាំអោយក្រុម Liverpool ទទួលបានការទាត់បាល់ពិន័យ១១ម៉ែត្រ និងត្រូវបានស៊ុតបញ្ចូលទីបានសម្រេចដោយ Mohamed Salah។ នាទីដែលនៅសល់មិនមានការស៊ុតបញ្ចូលទីទៀតទេ ទើបលទ្ធផល Liverpool ២ Man City ០ បន្តដល់ចប់ការប្រកួត។
ចាប់តាំងពីចាញ់ Nottingham Forest ១-០ កាលពីពាក់កណ្តាលខែកញ្ញាមក ក្រុម Liverpool ធ្វើបានល្អមែនទែន ដោយមិនទាន់ស្គាល់ការបរាជ័យនោះទេគ្រប់ការប្រកួត ដោយក្នុងនោះការប្រកួត ៩ ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League ពួកគេឈ្នះ ៨ ស្មើ ១ ។
ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរនេះបានធ្វើអោយគ្រូបង្វឹក Liverpool លោក Arne Slot មានភាពរីករាយ និង កោតសរសើរដល់ការប្រឹងប្រែងរបស់កូនក្រុមរហូតទទួលជោគជ័យជាបន្តបន្ទាប់បែបនេះ។
គ្រូបង្វឹកជនជាតិហូឡង់ បានអោយដឹងក្រោយចប់ការប្រកួតថា “យើងតែងតែមានអារម្មណ៍ល្អដោយបញ្ចប់ការប្រកួតជាអ្នកឈ្នះ។ វាពិសេសខ្លាំងណាស់ ដោយពួកយើងឥឡូវនេះ ឈ្នះការប្រកួតរាល់៣ថ្ងៃម្តង។”
បុរសវ័យ ៤៦ឆ្នាំបន្តថា “គុណសម្បតិ្តទាំងនេះ គឺដោយសារកីឡាកររបស់ខ្ញុំ ពោរពេញដោយថាមពល និងមានការសហការគ្នាបានល្អ។ យ៉ាងណា យើងនៅមានដំណើរវែងឆ្ងាយទៀត ប៉ុន្តែការឈ្នះនេះ វាបានជម្រុញចិត្តពួកយើងអោយបន្តប្រឹងប្រែងឈ្នះការប្រកួតបន្ថែម។”
សម្រាប់ជ័យជំនះនេះបានធ្វើអោយ Liverpool រក្សាកៅអីកំពូលតារាង មានដល់ទៅ ៣៤ពិន្ទុឯណោះ។ រីឯ Man City បានរអិលចុះទៅកាន់លេខ៥ មាន២៣ពិន្ទុ៕