សុធារិទ្ធ បេក្ខជនលំដាប់កំពូលទាំង ៥ ពីកម្មវិធី MasterChef Cambodia រដូវកាលទី ៣ បានលើកទឹកចិត្តអ្នកស្រឡាញ់ការចម្អិនឱ្យចូលរួមដាក់ពាក្យប្រកួតនៅក្នុងកម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោកនេះ ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន។
Chef សុធារិទ្ធ ថែមទាំងបានចែករំលែកគន្លឹះដ៏មានតម្លៃ មុននឹងចូលរួមប្រកួតក្នុងកម្មវិធី MasterChef Cambodia ដោយត្រូវស្រាវជ្រាវឱ្យបានច្រើនចំពោះមុខម្ហូបខ្មែរនិងម្ហូបបរទេស គ្រឿងផ្សំគោលនិងការច្នៃប្រឌិតរបស់ពួកវា ព្រមទាំងការដឹងពីទឹកជ្រលក់ (Sauce) សម្រាប់មុខម្ហូបអឺរ៉ុប។
បើតាមការណែនាំរបស់ Chef សុធារិទ្ធ ការយល់ដឹងស៊ីជម្រៅអំពីការធ្វើម្ហូបបែបប្រពៃណី និងម្ហូបបស្ចិមប្រទេស គឺមានសារសំខាន់។ គេត្រូវស្គាល់បច្ចេកទេសនៃការចម្អិន រសជាតិ និងការរៀបចំបង្ហាញដែលកំណត់មុខម្ហូបទាំងនេះ។
លោកបន្តថា ស្វែងយល់អំពីគ្រឿងផ្សំគោល និងស្វែងយល់ពីវិធីចម្អិនប្រកបដោយភាពច្នៃប្រឌិត ដើម្បីធ្វើឱ្យវាកាន់តែមានឱជារសនៅក្នុងចាន។ ការច្នៃប្រឌិតជាមួយគ្រឿងផ្សំគោល នឹងជំរុញទឹកដៃរបស់អ្នកចម្អិនកាន់តែប្រសើរ។
សុធារិទ្ធ បានណែនាំបន្តទៀតថា ម្ហូបដែលល្អត្រូវតែមានតុល្យភាពរវាងទឹកជ្រលក់ និងម្ហូប។ សិក្សាពីទឹកជ្រលក់ និងស្វែងយល់ថាតើមួយណាដែលមានរសជាតិដែលអាចបំពេញឱ្យម្ហូបរបស់យើងកាន់តែឆ្ងាញ់បន្ថែមមួយកម្រិតទៀត។
តើអ្នកណានឹងក្លាយជាម្ចាស់ជើងឯក MasterChef Cambodia បន្ទាប់? រង់ចាំតាមដានព័ត៌មានផ្សេងៗ នៅលើបណ្ដាញសង្គមនានារបស់ MasterChef Cambodia ៕