×

ទោះបានឈ្នះក្នុងការដឹកនាំដំបូងគ្រូ Leicester City ថា ក្រុមខ្លួនត្រូវការអភិវឌ្ឈបន្ថែម

គ្រូបង្វឹកថ្មីរបស់ Leicester City លោក Ruud van Nistelrooy បាននាំយកភាពភ្លឺស្វាងមកកាន់ក្រុមវិញ បន្ទាប់ពីបានយកឈ្នះ ការប្រកួតក្របខណ្ឌ Premier League ទល់នឹងក្រុម West Ham United កាលពីយប់មិញ។

ជំនួបដែលធ្វើឡើងនាកីឡដ្ឋាន King Power ក្រុម Leicester City បានបង្ហាញទម្រង់លេងល្អប្រសើរក្រោមការដឹកនាំ របស់បុរសវ័យ៤៨ឆ្នាំ ព្រោះបើទោះជាពួកគេបានរងការគាបសង្កត់ពីក្រុមគូប្រជែង ប៉ុន្តែក្រុមម្ចាស់ផ្ទះមួយនេះនៅតែអាចមានការវាយប្រយុទ្ធយ៉ាងក្លៀវក្លា។

ការប្រកួតដំណើរការបានតែ២នាទី Leicester City ក៏អាចរកបានគ្រាប់បើកឆាក ដោយការស៊ុតបញ្ចូលទីរបស់ Jamie Vardy។ យ៉ាងណា បន្ទាប់ពីនោះមកភាពស្ងប់ស្ងាត់គ្មានគ្រាប់បាល់កើតឡើង បានបន្តដល់ចប់វគ្គទី១។

ឈានចូលដល់វគ្គទី២ Leicester City កាន់តែមានទម្រង់លេងគួរអោយចាប់អារម្មណ៍ ហើយនាទី៦១ពួកគេរកបានគ្រាប់ទី២ ដោយ Bilal El Khannouss នៅនាទី៦១។ នាទី៨១ Bobby Decordova-Reid បានរកគ្រាប់បញ្ចូលទីសម្រាប់ Leicester City ទៅហើយ ប៉ុន្តែត្រូវបានអាជ្ញាកណ្តាលបដិសេធក្រោយពិនិត្យ VAR ឃើញថាជាបាល់ Offside។ យ៉ាងណា ក្រុមកញ្ជ្រោងនៅតែអាចរកបានគ្រាប់ទី៣របស់ខ្លួនបានដដែល ដោយការស៊ុតរបស់ Patson Daka នៅនាទី៩០។ រីឯក្រុម West Ham United វិញ បានប្រឹងប្រែងវាយសម្រុករហូតអាចរកបាន១គ្រាប់ នៅនាទី៩០+៣ ប៉ុន្តែ មិនអាចស្រោចស្រង់ស្ថានការណ៍របស់ពួកគេបាននោះទេ។ លទ្ធផលបញ្ចប់ការប្រកួតគឺ Leicester City ៣ West Ham United ១។

នេះជាជ័យជំនះក្រោមការដឹកនាំលើកដំបូងរបស់លោក Ruud van Nistelrooy ហើយក៏ជាជ័យជំនះដំបូងរបស់ Leicester City នៅក្របខណ្ឌ Premier League ក្រោយពីមិនឈ្នះ៥ប្រកួតជាប់ៗគ្នារួចមក។ ទោះជាបង្ហាញការដឹកនាំបានល្អប្រកបដោយភាពវិជ្ជមាន និង ទទួលបានជ័យជំនះ ក៏ពិតមែន ប៉ុន្តែលោក Ruud van Nistelrooy នៅតែយល់ថា ក្រុម Leicester City ថ្មីរបស់លោក ត្រូវការការអភិវឌ្ឈបន្ថែមទៀត ទើបអាចប្រកួតប្រជែងជាមួយក្រុមដទៃនៅក្នុងលីគបាល់ទាត់ដ៏តានតឹងមួយនេះបាន។

លោក Ruud van Nistelrooy បានអោយដឹងដូច្នេះ “ក្រោយបានឃើញការប្រកួតរបស់ក្រុម ខ្ញុំមានការពេញចិត្តចំពោះការបង្កើតគំនិតថ្មីរបស់ពួកគេ រួមទាំងទម្រង់នៃការលេង។ គ្រប់គ្នាពិតជារួបរួមគ្នា ធ្វើការងារយ៉ាងល្អ។”

បុរសជនជាតិហូឡង់បន្តថា “ប៉ុន្តែអ្វីដែលខ្ញុំយល់ដឹងបន្ថែមនោះ គឺក្រុមមួយនេះនៅត្រូវការការអភិវឌ្ឈច្រើនទៀត ព្រោះបើទោះជាកីឡាករបានប្រឹងប្រែងយ៉ាងខ្លាំង តែយើងនៅតែមានការប្រកួតដ៏ពិបាកដដែល។ យើងត្រូវធ្វើអោយក្រុមមានភាពរឹងមាំខ្លាំងក្លាជាងនេះទើបអាចឈរជើងលេងក្នុងក្របខណ្ឌ Premier League មួយនេះបាន។”
ជោគជ័យនេះបានធ្វើអោយ Leicester City ឡើងមកឈរលេខ១៥ក្នុងតារាងពិន្ទុ Premier League មាន ១៣ពិន្ទុ ខណៈ West Ham United នៅលេខ ១៤ មាន១៥ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង