
បន្ទាប់ពីបានដំណឹងថា តារាកំប្លែង នាយ តាក់ស៊ី កំពុងសម្រាកព្យាបាលជំងឺប្រចាំកាយធ្ងន់ធ្ងរ និងជួបប្រទះបញ្ហាជីវភាពផងនោះ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ រួមមានថវិកា២០លានរៀល និងភេសជ្ជៈមួយចំនួនទៀត ជូនដល់នាយតាក់ស៊ី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។
ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលើកទឹកចិត្ត ជូនពរដល់នាយតាក់ស៊ី ឆាប់បានជាសះស្បើយឡើងវិញ និងបានមានប្រសាសន៍លើកឡើងអំពីជំងឺមិនឆ្លងនានាក្នុងបច្ចុប្បន្ននេះដែលកំពុងតែកើតមានឡើងលើមនុស្សគ្រប់វ័យ ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺមហារីកជាដើម ដែលជំងឺទាំងអស់នេះបង្កឡើងដោយការបរិភោគអាហារមិនបានត្រឹមត្រូវ។ ដូច្នេះលោកជំទាវបានអំពាវនាវសុំឱ្យប្រជាជនយើងយកចិត្តទុកដាក់គិតគូរពីការបរិភោគអំបិលតិច ស្ករតិច ខ្លាញ់តិច និងហាត់ប្រាណជាប្រចាំ ដើម្បីឱ្យមានសុខភាពល្អគ្រប់ៗគ្នា។
ជាមួយគ្នានេះដែរ នាយ តាក់ស៊ី បានបង្ហាញក្តីរំភើបក្តុកក្តួលឥតឧបមាដោយទទួលបានការយកចិត្តទុកដាក់ ជាពិសេសការលើកទឹកចិត្តពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អ្នកម្តាយមនុស្សធម៌ ដែលលោកតែងតែគិតគូរដល់សុខទុក្ខរបស់សិល្បៈករដែលជួបការលំបាក និងប្រជាជនងាយរងគ្រោះគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងបានគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចតេជោ ហ៊ុន សែន សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេស និងជាម្លប់ដ៏ត្រជាក់ដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ៕
ប្រភព៖ ក្រសួងព័ត៌មាន