មណ្ឌលគិរី៖ កូនដំរីព្រៃដ៏អភ័ព្វមួយក្បាលដែលមានអាយុប្រមាណ៥ខែ ត្រូវបានជួយសង្គ្រោះដោយមន្ត្រីឧទ្យានុរក្សនៅឯស្រុកកោះញែក នាល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោយវាខំដើរទាំងជើងឈឺមានរបួសបណ្តាលមកពីអន្ទាក់ព្រានព្រៃចង្រៃ។
សេចក្តីរាយការណ៍បានឱ្យដឹងថា នៅវេលាម៉ោង ១៧ និង១៧នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី បានប្រទះឃើញកូនសត្វដំរីព្រៃ(ឈ្មោល)ចំនួន០១ក្បាល អាយុប្រហែល០៥ខែ ទង្ងន់២០០គីឡូក្រាម រត់តាមបណ្តោយផ្លូវលំ ហាក់កំពុងស្វែងរកជំនួយសង្គ្រោះបន្ទាន់ ពីមន្រ្តីឧទ្យានុរក្សស្នាក់ការកណ្តាលរយ៉លើ ដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
សេចក្តីរាយការណ៍បន្តថា ភ្លាមៗនោះ មន្ត្រីឧទ្យានុរក្សជាច្រើននាក់បាននាំគ្នាស្ទាក់ព័ទ្ធចាប់ ដើម្បីពិនិត្យមើល ក៏ប្រទះឃើញមានស្នាមរបួសនៅត្រង់ចំណុច ក ជើងមុខ ខាងស្តាំ។ ក្រោយពីមន្ត្រីឧទ្យានុរក្សពិនិត្យលើមុខរបួសដោយ យកចិត្តទុកដាក់ រួចធ្វើសេចក្តីសន្និដ្ឋានបានថា គឺរបួសដោយសារជាប់អន្ទាក់ តែសុខភាពកូនសត្វដំរីឈ្មោលមួយក្បាលនេះគឺនៅមានកម្លាំងមាំមួននៅឡើយ។
បច្ចុប្បន្នមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ កំពុងមើលថែរក្សានៅទីស្នាក់ការកណ្ដាលរយ៉លើ ដែនជម្រកសត្វព្រៃលំផាត់ ភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយកំពុងមានការទំនាក់ទំនងទៅការអន្តរាគមន៍បន្តដើម្បីថែរក្សាកូនដំរីព្រៃនេះ៕
ប្រភព៖ CNC