
តារាកំប្លែងលោក ប៉ុល សារឿង ហៅនាយ តាក់ស៊ី បានបង្ហាញអារម្មណ៍រីករាយ និងបានថ្លែងអំណរគុណដល់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ក៏ដូចជាក្រុមការងារទាំងអស់ ដែលមានការយកចិត្តទុកដាក់ពីសុខទុក្ខរបស់លោក។

នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ នៅ សូនិតា អនុប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រមការងារអញ្ជើញទៅសួរសុខទុក្ខតារាកំប្លែងលោក ប៉ុល សារឿង ហៅនាយ តាក់ស៊ី នៅមន្ទីរពេទ្យព្រះកេតុមាលា។ នៅក្នុងឱកាសនោះ ក្រុមការងារបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ជូនចំពោះតារាកំប្លែងលោក តាក់ស៊ី និងជូនពរសូមឱ្យលោកឆាប់បានជាសះស្បើយ អាចវិលទៅប្រកបអាជីពសិល្បៈបង្កសំណើចជូនដល់មហាជនទូទៅឡើងវិញ។

ជាមួយគ្នានេះ ក្រុមការងារសមាគមដឹកនាំដោយលោកជំទាវ នៅ សូនិតា ក៏បានសំណេះសំណាលស្វែងយល់ពីស្ថានភាពនានារបស់តារាកំប្លែងរូបនេះ ព្រមទាំងបានលើកទឹកចិត្តដល់តារាកំប្លែងនាយ តាក់ស៊ី កុំមានការអស់សង្ឃឹម ត្រូវខិតខំថែរក្សាសុខភាព គោរពតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីត្រៀមខ្លួនទៅទទួលយកការព្យាបាលបន្តនៅប្រទេសឥណ្ឌា ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត។ ក្នុងឱកាសនោះ ក្រុមការងារ ក៏បាននាំយកនូវថវិកាពីសមាគមសិល្បករខ្មែរចំនួន១លានរៀល និងថវិកាមួយចំនួនទៀតជាការបរិច្ចាគពីសប្បុរជនតាមរយ:ការអំពាវនាវរបស់សមាគមប្រគល់ជូនដល់តារាកំប្លែងនាយ តាក់ស៊ី និងក្រុមគ្រួសារដោយផ្ទាល់ ដើម្បីសម្រាលបន្ទុកចំណាយជាប្រចាំថ្ងៃក្នុងដំណាក់ថែទាំព្យាបាលជំងឺនេះ។

តារាកំប្លែងលោក តាក់ស៊ី និងគ្រួសារពិតជាមានសេចក្ដីរំភើបរីករាយឥតឧបមាចំពោះឧបការ:គុណដ៏ធំធេងរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាបណ្ឌិត ដែលបានផ្ដល់ជីវិតថ្មីដល់រូបលោក ដោយសម្ដេច និងលោកជំទាវបានឧបត្ថម្ភលើការព្យាបាលជំងឺរបស់លោកទាំងស្រុងនៅប្រទេសឥណ្ឌានាពេលឆាប់ៗខាងមុខនេះរហូតទាល់តែជាសះស្បើយ។ លោកសន្យាថា នឹងមិនគិតខ្លីដូចពីមុនទៀតទេ ហើយខិតខំថែរក្សាសុខភាពត្រៀមចេញទៅព្យាបាលបន្តឱ្យបានជាសះស្បើយ ដើម្បីបម្រើអារម្មណ៍មហាជន ក៏ដូចជាចូលរួមបម្រើសង្គមជាតិតាមចំណេះជំនាញ និងទេពកោសល្យដែលលោកមាន៕