
នៅក្នុងពិធីបុណ្យដ៏សោកសង្រេង លោកជំទាវ មាន សុនិតា អនុប្រធានសមាគមសិល្បករខ្មែរ បាននាំយកនូវថវិកាផ្ទាល់ខ្លួនរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ចំនួន៣លានរៀល ទៅចូលរួមរំលែកទុក្ខគ្រួសារសពតារាចម្រៀងលោក ឡេង គឹមសាន្ត ហៅ លីចិន កាលពីព្រឹកថ្ងៃទី៩ ធ្នូ ឆ្នាំ២០២៤ នៅវត្តចាក់អង្រែក្រោម។
គ្រាន់បានទទួលព័ត៌មានភ្លាម លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន៣លានរៀល ដើម្បីជួយរៀបចំចាត់ចែងពិធីបុណ្យសពតារាចម្រៀង ឡេង គឹមសាន្ត ហៅក្រៅ លីចិន ដែលបានទទួលមរណភាពដោយសារជំងឺគាំងបេះដូង ហើយគ្រួសាររបស់លោកកំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងជីវភាព សូម្បីតែលុយសម្រាប់ទិញក្ដារមឈូសតម្កល់សពក៏គ្មានដែរនោះ ។
ដោយសារជីវភាពលំបាក សពរបស់សពតារាចម្រៀងលោក លី ចិន ត្រូវបានក្រុមគ្រួសារប្រារព្ធធ្វេីជាការគម្រប់កិច្ចយ៉ាងស្ងប់ស្ងាត់ ពុំមានសាច់ញាតិ ពុំមានរោង ម៉ីក្រូ ឬតុអង្គុយអ្វីនោះទេ សូម្បីតែមឈូសសម្រាប់តម្កល់សពឱ្យបានសមរម្យក៏គ្មានដែរ ហេីយមានតែភរិយា ម្ដាយ និងកូនតូចៗប៉ុណ្ណោះ ដែលទិដ្ឋភាពមេីលទៅគួរឱ្យសង្វេគជាទីបំផុត។
គប្បីរំលឹកថា ដ្បិតតែតារាចម្រៀងលោក លី ចិន មិនមែនជាសមាជិករបស់សមាគមយ៉ាងណាក៏ដោយ តែដោយអំណាចនៃសេចក្ដីអាណិតអាសូរជាពន់ពេក លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានបរិច្ចាគថវិកាផ្ទាល់ចំនួន ៣ ០០០ ០០០ រៀលជូនចំពោះក្រុមគ្រួសារ ដេីម្បីដោះស្រាយតម្រូវការចំពោះមុខចាំបាច់សម្រាប់ពិធីបុណ្យសពតារាចម្រៀងរូបនេះផងដែរ។ ដោយឡែកនៅព្រឹកមិញនេះ ក្រុមការងារដឹកនាំដោយលោកជំទាវ នៅ សូនិតា ក៏បាននាំយកបច្ច័យចំនួន ៦ ០០ ០០០ រៀលបន្ថែមទៀត ដេីម្បីចូលបុណ្យ និងរួមរំលែកទុក្ខជាមួយក្រុមគ្រួសារផងដែរ។
សមាគមសិល្បករខ្មែរ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធលោក លី ចិន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
