×

បេក្ខជន MasterChef Cambodia ទទួលបានការរៀនសូត្រ និងបំប៉នជំនាញចម្អិនដ៏ពិសេសមុនចូលរួមប្រកួតក្នុងកម្មវិធី

កម្មវិធីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ដែលផលិតដោយក្រុមហ៊ុន CBS បានបង្ហាញពីការយកចិត្តទុកដាក់លើបេក្ខជនរបស់ខ្លួន ដោយសហការជាមួយវិទ្យាស្ថានម្ហូបអាហារកម្ពុជា Academy of Culinary Arts Cambodia (ACAC) សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញធ្វើម្ហូពរបស់បេក្ខជននានា។

មុនពេលឈានជើងចូលទៅក្នុងផ្ទះបាយដ៏ប្រណីតរបស់កម្មវិធី MasterChef Cambodiaបេក្ខជនទាំងអស់បានចូលរួមក្នុងវគ្គសិក្សាខ្លីមួយ ដែលផ្តោតលើជំនាញមូលដ្ឋាន បច្ចេកទេសធ្វើម្ហូប និងការបង្ហាញពីមុខម្ហូប ក្រោមការណែនាំពីអ្នកជំនាញនៅក្នុងវិស័យម្ហូបអាហារ។

បេក្ខជន MasterChef រដូវកាលទី៣ បានបង្ហាញពីការអរគុណចំពោះឱកាសមួយនេះ។ សម្រាប់ អតីតបេក្ខនារីរដូវកាលទី៣ លីនដា បានចែករំលែកថា គាត់ទទួលបានបទពិសោធន៍ និងចំណេះដឹងអំពីមុខម្ហូបបរទេសជាច្រើន។ ចំណែក អតីតបេក្ខនារី យូជីញ បានបង្ហាញពីការនឹករឭកចំពោះអនុស្សាវរីយ៍ជាមួយបេក្ខជនដទៃទៀតអំឡុងវគ្គសិក្សានេះ។ រីឯ អតីតបេក្ខជន វីល្លៀម បានបង្ហើបថា លោកបានទទួលនូវបទពិសោធន៍ល្អៗជាច្រើនជាមួយ Chef Bruno នៅ ACAC ។

គំនិតផ្តួចផ្តើមនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់ MasterChef Cambodia ក្នុងការផ្តល់ចំណេះដឹង និងជំនាញដែលត្រូវការសម្រាប់ការប្រកួតដែលមានស្ដង់ដាខ្ពស់។ ភាពជាដៃគូជាមួយ ACAC មិនត្រឹមតែចូលរួមលើកកម្ពស់ចំណេះដឹងជំនាញរបស់បេក្ខជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្មវិធីក្នុងការជំរុញវិស័យម្ហូបអាហារនៅកម្ពុជាផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង