
សមាគមបាល់ទាត់របស់ម៉ាឡេស៊ី បានប្រកាសនៅថ្ងៃនេះពីការតែងតាំងលោក Peter Cklamovski ជនជាតិអូស្ត្រាលី ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី។
លោក Cklamovski អាយុ ៤៦ ឆ្នាំ បានធ្វើការជាមួយអ្នកចាត់ការ Tottenham Hotspur លោក Ange Postecoglou នៅប្រទេសអូស្ត្រាលី។
លោក Cklamovski គឺជាជំនួយការរបស់លោក Postecoglou នៅក្រុមជម្រើសជាតិអូស្ត្រាលីដែលបានឈ្នះពានរង្វាន់ Asian Cup ឆ្នាំ ២០១៥ ហើយគាត់ក៏បានបង្វឹកក្រុម J1 League គឺ Yokohama F. Marinos ក្នុងឆ្នាំ ២០១៩ ។
តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី បានទំនេរ បន្ទាប់ពីការលាលែងពីតំណែងភ្លាមៗរបស់លោក Kim Pan Gon ជនជាតិកូរ៉េខាងត្បូង កាលពីខែកក្កដា ហើយលោក Pau Marti Vicente សញ្ជាតិអេស្ប៉ាញ បច្ចុប្បន្នកំពុងធ្វើជាគ្រូបង្វឹកបណ្តោះអាសន្ន។
តាមសេចក្ដីរាយការណ៍ឱ្យដឹងថា លោក Cklamovski នឹងមានភារកិច្ចរៀបចំក្រុមម៉ាឡេស៊ីឡើងវិញ សម្រាប់ការប្រកួតជម្រុះពានរង្វាន់ Asian Cup ឆ្នាំ ២០២៧ នៅខែមីនា ឆ្នាំក្រោយ និងធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់ពិភពលោករបស់ម៉ាឡេស៊ី។
ការតែងតាំងនេះ ទំនងជាមិនប៉ះពាល់ដល់តំណែងរបស់លោក Pau Marti Vicente ដែលកំពុងដឹកនាំក្រុមម៉ាឡេស៊ី នៅក្នុងព្រឹត្តិការណ៍ AFF Asean Championship 2024 នោះទេ។ ក្រុមម៉ាឡេស៊ី បានប្រកួតស្មើជាមួយក្រុមជម្រើសជាតិគោព្រៃកម្ពុជា ក្នុងលទ្ធផល ២-២ និងបន្តយកឈ្នះទីម័រខាងកើត ដោយលទ្ធផល ៣-២ ប៉ុន្តែបានចាញ់ក្រុមជម្រើសជាតិថៃ នៅប្រកួតចុងក្រោយ ១-០ នៅទឹកដីរបស់ថៃ។ ប្រកួតបន្ទាប់ ពួកគេត្រូវស្វាគមន៍សិង្ហបុរី នៅថ្ងៃទី២០ ខែធ្នូ៕