×

ម្ចាស់ពាន MasterChef Cambodia រដូវកាលទី៣ សំអន បង្ហាញពីមោទកភាពដែលបានតំណាងឱ្យខេត្តបន្ទាយមានជ័យ

លោក ឃួន សំអន ម្ចាស់ពានរង្វាន់ MasterChef Cambodia រដូវកាលទី៣ បានបង្ហាញនូវមោទកភាពយ៉ាងក្រៃលែង ដែលតំណាងឱ្យខេត្តបន្ទាយមានជ័យ ដែលជាស្រុកកំណើតរបស់លោក។

សំអន បានគូសបញ្ជាក់ពីជ័យជម្នះរបស់គាត់ថា មិនមែនគ្រាន់តែជាសមិទ្ធផលផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាជាជោគជ័យមួយដែលបង្ហាញពីមរតកផ្នែកម្ហូបអាហារដ៏សម្បូរបែបនៃតំបន់របស់លោកផងដែរ។ “ពាននេះមិនមែនគ្រាន់តែជារបស់ខ្ញុំតែម្នាក់ទេ! ចូលដល់វគ្គកំពូល៣នាក់ចុងក្រោយ ខ្ញុំជាប់ឈ្មោះជាបេក្ខជនតំណាងឲ្យខេត្ត«បន្ទាយមានជ័យ» ទាំងមូលបាត់ទៅហើយ។“

សំអន បានសង្កត់ធ្ងន់លើមុខម្ហូបប្រចាំតំបន់ និងរូបមន្តគ្រួសារ ដែលឆ្លុះបញ្ចាំងពីសក្តានុពលរបស់ខេត្តមួយនេះ។ លោកក៏បានសាទរចំពោះសមិទ្ធផលរបស់យុវជនខេត្តរបស់លោកដែលមានភាពប៉ិនប្រសប់ខាងផ្នែកធ្វើម្ហូប និងការបង្កើតមាតិកា ឬសៀវភៅស្ដីពីការធ្វើម្ហូបផ្សេងៗ។

ជ័យជម្នះរបស់ សំអន គឺជាសក្ខីភាពមួយចំពោះការលះបង់របស់យុវជនមកពីខេត្តឆ្ងាយមួយ ដែលធ្លាប់ជាយុវជនដែលមានជីវភាពកម្រិតទាប ប្រែក្លាយជាបុគ្គលដ៏ជោគជ័យដែលមានគេស្គាល់នៅក្នុងវិស័យម្ហូបអាហារ ដែលជាការបំផុសស្មារតីសម្រាប់យុវជនដទៃទៀតដែលស្រឡាញ់ការចម្អិន ក្នុងការស្វែងរកខ្លួនឯង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង