
ព្រឹត្តិការណ៍ប្រកួតបង្ហើរខ្លែងឯកខ្មែរ ខេត្តសៀមរាប ឆ្នាំ២០២៤ នឹងត្រូវរៀបចំនៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប (ចាស់)។ នេះបើយោងតាមរដ្ឋបាលខេត្តសៀមរាប។
ការប្រកួតខ្លែងឯកខ្មែរ និងខ្លែងសេរីនេះ មានរយៈពេល ៣ ថ្ងៃ ដើម្បីដើម្បីស្វែងរកម្ចាស់ជ័យលាភី។ គណៈកម្មការត្រូវពិនិត្យលើបច្ចេកទេសហោះ ខ្ពស់ល្អ ខ្លែងអត់រេ សោភ័ណភាពខ្លែង និងការក្រវីឯក។ ម្យ៉ាងទៀត តម្រូវឱ្យមានគ្នា ៣នាក់ មានអ្នករត់ខ្សែ មានអ្នកកាន់កន្ទុយ និងកាន់ខ្លែង។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមឱ្យបានច្រើនកុះករ ដើម្បីថែរក្សា និងផ្សព្វផ្សាយអំពីខ្លែងឯកខ្មែរនេះ។ ព្រឹត្តិការណ៍នេះ ត្រូវបានអ្នករៀបចំរំពឹងថា នឹងមានខ្លែងឯកមកពីទីនានាចូលរួមប្រមាណ១០០ខ្លែង រួមជាមួយនឹងខ្លែងសេរីមួយចំនួនផងដែរ៕
