
ព្រឹត្តិការណ៍ “សាទរកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នឹងមានការដង្ហែក្បួនថ្មើរជើងនៅខាងមុខព្រះបរមរាជវាំង កម្មវិធីទស្សនីយភាពចម្រុះ និងទីតាំងតុបតែងពោរពេញដោយការទាក់ទាញ ព្រមទាំងកម្មវិធីឆ្លងឆ្នាំសាកល និងកម្មវិធីកម្សាន្តជាច្រើនទៀត។
សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ សាទរកម្ពុជា ដើម្បីផ្តល់ឱកាសនៃការជួបជុំប្រជាពលរដ្ឋខ្មែរដើម្បីសាទរនូវសមិទ្ធផលទាំងឡាយដែលប្រទេសជាតិយើងបានឆ្លងកាត់ក្នុងដំណាក់កាលចុងក្រោយនេះ និងផ្តល់មោទកភាពអ្វីដែលយើងសម្រេចបាន។ ព្រឹត្តិការណ៍នេះនឹងនាំមកនូវស្នាមញញឹម ភាពសប្បាយរីករាយ ការជួបជុំគ្នាជាលក្ខណៈមហាគ្រួសារខ្មែរនៅក្រោមទង់ជាតិតែមួយ។
ចំពោះការដង្ហែក្បួនថ្មើរជើងសម្រាប់ព្រឹត្តិការណ៍ សាទរកម្ពុជា នឹងរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅលើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីកែងវិថីបក្សីចាំក្រុង រហូតដល់សាលមហោស្រពចតុមុខ) និងកំណាត់វិថីឧកញ៉ាឈុន (ចាប់ពីភ្លើងស្តុបសាលមហោស្រពចតុមុខ រហូតដល់កែងមហាវិថីសម្តេចសុធារស) ចាប់ពីវេលាម៉ោង ១រសៀល រហូតដល់បញ្ចប់កម្មវិធី។
លោក សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និងជាសមាជិកគណៈកម្មការរៀបចំព្រឹត្តិការណ៍សាទរកម្ពុជា កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ក្នុងចំណោមអ្នកចូលរួមនឹងមានយក្សល្ខោនបាសាក់ចំនួន២០០, ទីងមោង ឆៃយ៉ាំចំនួន៨៥ រួមនឹងស្គរទម្ងន់ ៣តោន និងក្បួនរថយន្តដង្ហែរ៕
