×

ខ្លែងឯកស្រស់ស្អាតជាង១២០ និងខ្លែងសេរី ខ្លែងតូចជាង៣០០ រង់ចាំភ្ញៀវទេសចរទៅទស្សនានៅក្នុងព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងខ្មែរ ៣ថ្ងៃនៅខេត្តសៀមរាប

អ្នករៀបចំព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងខ្មែរខេត្តសៀមរាប ឆ្នាំ២០២៤ បានប្រាប់ភ្នាក់ងាររាយការណ៍ព័ត៌មាន CNC ឱ្យដឹងថា ព្រឹត្តិការណ៍ដែលមានរយៈពេល ៣ ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃទី២៧ ដល់ ២៩ ខែធ្នូនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប (ចាស់)នេះ មានការចូលរួមពីអ្នកស្រលាញ់វិស័យបង្ហោះខ្លែងជាច្រើននាក់ និងបាននាំយកខ្លែងឯកចំនួន១២៥ ខ្លែងសេរី៨០ខ្លែង ខ្លែងតូចៗ ( ខ្លែងធម្មតា ) សរុបចំនួន ៣០០ខ្លែង។

ការបង្ហោះខ្លែងនៅក្នុងប្រពៃណីខ្មែរមានតាំងពីយូរយារណាស់មកហើយ។ យោងតាមសៀវភៅខ្លែងឯក អ្នកស្រុកគាត់ចាប់ផ្តើមមានព្រះរាជពិធីបុណ្យបង្ហើរខ្លែងហើយ តាំងពី៤០០ឆ្នាំមុនគ.ស.មកម្ល៉េះ ហើយចំណេរក្រោយមកទៀត ក៏យើងមានឯកសារដែលសរសេររៀបរាប់ពី ពិធីបុណ្យបង្ហោះខ្លែងនេះនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាសផងដែរ។

នៅដើមរដូវវស្សាយើងមានប្រារព្ធពិធីច្រត់ព្រះន័ង្គល ដើម្បីឧទ្ទិសដល់ព្រះធរណី ដើម្បីឱ្យកសិករធ្វើស្រែ ចម្ការ ដំណាំ ហើយបន្ទាប់មកនៅដើមរដូវរំហើយគឺ បុព្វបុរសយើងគាត់បានប្រារព្ធពិធីបុណ្យបង្ហើរខ្លែង ដើម្បីឧទ្ទិសដល់ព្រះពាយបក់នាំពពកដែលមានទឹកចេញ ដើម្បីធ្វើឱ្យមេឃស្រឡះ មានពន្លឺថ្ងៃគ្រប់គ្រាន់ ដើម្បីប្រមូលផលកសិកម្មផងដែរ ហើយបន្ថែមពីនោះទៀតបុព្វបុរសយើងគាត់បានបង្កើតល្បែងកម្សាន្ត ដើម្បីរំសាយពីការនឿនហត់ ដូច្នេះគាត់បានស្តាប់នូវតូរ្យតន្ត្រី ក៏ដូចជាសូរសំឡេងពីអណ្តាតខ្លែង ធ្វើឱ្យគាត់រំសាយនូវការនឿយហត់អស់កម្លាំងពីមុនមក ជាពិសេសស្រមោលនៃខ្លែងឯកវាជួយកាត់បន្ថយពីសត្វចង្រៃដែលមកស៊ីស្រូវដូចជាកណ្តុរ កណ្តូប ជាដើម ដោយភ័យខ្លាចស្មានតែមានសត្វស្លាបផ្សេងៗដែលចង់ចាប់វាធ្វើចំណី។

បើតាមប្រភពឯកសារជាច្រើន ជាពិសេសអ្នកកត់ត្រាជនជាតិចិន និងប្រភពឯកសារផ្សេងៗទៀត បានពិពណ៌នាថា ព្រះរាជពិធីបុណ្យបង្ហោះខ្លែងនេះពិតជាមានសារសំខាន់ណាស់ ហើយចាំបាច់ត្រូវតែធ្វើជារៀងរាល់ឆ្នាំ យ៉ាងណាមិញគេមើលឃើញថា មានពេលមួយខ្លែងត្រូវបានប្រជាជនយើងបំភ្លេច ដូចជានៅក្នុងឆ្នាំ១៤៣២ ដោយសារការវាយលុកពីសំណាក់ប្រទេសជិតខាង ធ្វើឱ្យបងប្អូនប្រជាជនយើង គាត់បង្ខំចិត្តក្នុងការចាកចេញពីទីក្រុងអង្គរតាំងរាជធានីនៅភាគខាងត្បូងនៅរាជធានីភ្នំពេញ ហើយផ្នែកខ្លះនៃវប្បធម៌ត្រូវបានបាត់បង់ ដូច្នេះខ្លែងឯកក៏ត្រូវបានគេបំភ្លេច រហូតដល់មានពាក្យចរចាមអារ៉ាមថា ខ្លែងឯកពិតជាចង្រៃផងដែរ។

បន្ទាប់ពីនោះមក ពិធីបុណ្យបង្ហើរខ្លែងក៏ត្រូវបានបាត់បង់ប្រជាប្រិយភាព ហើយក៏បន្តចំណេររហូតដល់រជ្ជកាលព្រះបាទអង្គឌួងក្នុងឆ្នាំ ១៨៤០ ដល់ឆ្នាំ១៨៥៩ ទ្រង់បានគិតគូរក្នុងការកសាងសន្តិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាជីវភាពជូនប្រជាជន ដោយសារការគោរពតាមព្រះពុទ្ធសាសនា ទ្រង់ក៏បានបង្គាប់ឱ្យមានជាពិធីបុណ្យបង្ហើរខ្លែងជារៀងរាល់ឆ្នាំ មិនឱ្យអាក់ខានឡើយ ហើយបន្ទាប់មកក្នុងឆ្នាំ១៨៦៣ បារាំងក៏បានដាក់អាណានិគមមកលើកម្ពុជា ដូច្នេះការបង្ហោះខ្លែងនេះ ត្រូវបានប្រែក្លាយទៅជាល្បែងកម្សាន្តមនុស្សចាស់ ហើយមានតែមនុស្សចាស់ និងព្រះសង្ឃទេដែលជាអ្នកជួយអភិរក្ស និងថែរក្សាខ្លែងដែលជាវប្បធម៌ប្រពៃណីរបស់យើងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង