
ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ថ្លែងថា គិលានសង្រ្គោះរបស់មនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានត្រៀមរួចជាស្រេច ដើម្បីផ្តល់សេវាថែទាំសុខភាពជូនបងប្អូនប្រជាពលរដ្ឋ មកចូលរួមកម្សាន្តក្នុងព្រឹតិ្តការណ៍សាទរកម្ពុជា និងឆ្លងឆ្នាំសកល២០២៤-២០២៥។
ការប្រារព្ធព្រឹតិ្តការណ៍សាទរកម្ពុជា នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ នៅសួនច្បារមុខព្រះបរមរាជវាំង និងតាមបណ្តោយវិថីព្រះស៊ីសុវតិ្ថ ក្នុងខណ្ឌដូនពេញ គឺមនី្ទរសុខភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំក្រុមគិលានសង្រ្គោះ សម្រាប់ជួយថែទាំសុខភាពបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកចូលរួមលេងកម្សាន្តក្នុងព្រឹតិ្តការណ៍សាទរកម្ពុជា ទន្ទឹមនឹងនោះមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានរៀបចំក្រុមគិលានសង្រ្គោះ ចាប់តាំងពីថ្ងៃទី២៧ រហូតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសកល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយមានក្រុមរថយន្តគិលានសង្រ្គោះ ចំនួន ០៤ក្រុម។
ដោយឡែកនៅថ្ងៃទី៣១ ខែធ្នូនេះ គឺយើងបន្ថែមក្រុមតង់សុខភាព ចំនួន ០៣ក្រុមទៀត ដោយមួយតង់សុខភាព មានក្រុមគ្រូពេទ្យ ចំនួន ៥នាក់ និងក្រុមគ្រូពេទ្យចល័ត ចំនួន៥ក្រុម ដោយមួយក្រុម មានគ្រូពេទ្យចំនួន ២នាក់។ ដូច្នេះកម្លាំងក្រុមមន្រី្តសុខាភិបាលរាជធានីភ្នំពេញ ចូលរួមបម្រើការងារក្នុងព្រឹតិ្តការណ៍សាទរកម្ពុជា គឺមានចំនួនសរុប ៦១នាក់។
លោកវេជ្ជបណ្ឌិតសង្កត់ធ្ងន់ថា ព្រឹតិ្តការណ៍សាទរកម្ពុជា ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៥ ហើយក៏ជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា មានភាពរីកចម្រើន សុខសប្បាយ រស់នៅក្រោមម្លប់សន្តិភាព នេះគឺជាផលល្អ បានមកពីសន្តិភាព។ ក្នុងនោះនៅពេលបងប្អូនប្រជាពលរដ្ឋ មកចូលរួមទស្សនាកម្សាន្ត មានបញ្ហាសុខភាព អាចស្វែងរកតង់សុខភាព និងក្រុមគ្រូពេទ្យចល័តដែលនៅក្បែរក្នុងព្រឹតិ្តការណ៍សាទរកម្ពុជា ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មិនអាចធ្វើការសង្រ្គោះបឋមបាន គឺក្រុមគ្រូពេទ្យនឹងបញ្ជូនមកកាន់មនី្ទរពេទ្យជាតិដើម្បីព្យាបាលបន្តផងដែរ។
សូមបញ្ជាក់ផងដែរថា បើតាមគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» បានឲ្យដឹងថាព្រឹត្តិការណ៍ «សាទរកម្ពុជា” ឬ “Celebrating Cambodia» នឹងប្រារព្ធ ឡើងចាប់ពីម៉ោង៣:០០នាទីរសៀល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
ជាមួយគ្នានេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់ រវើកជាមួយនឹងការបង្ហាញវិសេសភាពនៃ «អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះនិងការលើកតម្កើន «មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ។ ព្រឹត្តិការណ៍ «សាទរកម្ពុជា” ជាការអបអរសាទរនូវគុណតម្លៃរួមគ្នាដើម្បីបង្ហាញ មោទនភាព ចំពោះបណ្តាសមិទ្ធផលនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាជាមួយការរក្សាបាននូវ ««អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង«ការអបអរសាទរ» ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន បង្ហាញនូវមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួនក្រោម “ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួមផងដែរ៕
ប្រភព៖ CNC
