×

អាកាសយានដ្ឋានអន្តរជាតិតេជោរបស់កម្ពុជា ជាប់ជាគម្រោងស្ថាបត្យកម្មដ៏មានឥទ្ធិពលនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៥ ដោយសារព័ត៌មាន CNN

ថ្មីៗនេះ សារព័ត៌មាន CNN Style បានចាត់ទុកអាកាសយានដ្ឋានអន្តរជាតិតេជោរបស់កម្ពុជា ជាគម្រោងស្ថាបត្យកម្មដ៏មានឥទ្ធិពលមួយនៅលើសាកលលោកសម្រាប់ឆ្នាំ២០២៥ក្នុងចំណោមគម្រោងចំនួន ១១។

សារព័ត៌មានដ៏ល្បីល្បាញរបស់អាមេរិក បានចុះផ្សាយដូច្នេះថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៣០ លាននាក់ក្នុងមួយឆ្នាំ ត្រៀមនឹងជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅចម្ងាយ ១២ ម៉ាយពីភាគខាងត្បូងនៃទីក្រុង អាកាសយានដ្ឋាននេះនឹងក្លាយជាផ្នែកមួយនៃគម្រោងដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ ដែលបង្ហាញពីការរចនាប្រកបដោយនិរន្តរភាពជាមួយនឹងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ និងស្ថាបត្យកម្មប្រពៃណីរបស់កម្ពុជា រួមទាំងមានដើមឈើ និងរុក្ខជាតិបៃតងនៃតំបន់ត្រូពិច។

សូមជម្រាបថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានអនុវត្តដោយក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC ដែលមានទីតាំងចម្ងាយជិត ២០ គីឡូម៉ែត្រពីភាគខាងត្បូងនៃរាជធានីភ្នំពេញ គ្របដណ្តប់លើផ្ទៃដី ២៦០០ ហិកតា នៅក្នុងខេត្តកណ្តាល និងខេត្តតាកែវ។

អាកាសយានដ្ឋានកម្រិត 4F អាចទទួលបានជើងហោះហើរឆ្លងទ្វីបរយៈចម្ងាយវែង រួមទាំងយន្តហោះខ្នាតយក្សដូចជា Airbus A380-800 និង Boeing 747-800 ជាដើម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង