×

មហាជន សិល្បករ Influencers នានាសម្ដែងការសោកស្ដាយចំពោះការបាត់បង់ធនធានសិល្បករដ៏ឆ្នើមមួយរូប

គ្រួសារសិល្បករ Influencers និងមហាជនទូទៅ បានបង្ហាញនូវការសោកស្ដាយចំពោះការបាត់បង់ធនធានសិល្បករដ៏ឆ្នើមមួយរូប ដែលបានជួបនូវគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។

លោក ដាវិឌ ឫទ្ធិរុទ្រ ដែលមហាជនស្គាល់ថា Ruth Ko អាយុ ២៤ឆ្នាំ បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ដែលបង្កឡើងដោយរថយន្តមួយគ្រឿង បើកបរដោយឈ្មោះ ណឹម ណាង ភេទប្រុស អាយុ ៣៥ឆ្នាំ នៅទីតាំងកើតហេតុ ត្រង់ចំណុចច្រកចូលបុរីប៉េងហួត លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចនាំមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

បន្ទាប់ពីទទួលដំណឹងដ៏ក្រៀមក្រំនេះ មហាជន គ្រួសារសិល្បករ Influencers នានានៅទូទាំងប្រទេស បានបង្ហោះសារសោកស្ដាយនិងរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសាររបស់តារារ៉េប Ruth Ko ផងដែរ។

លោក វុទ្ធា ដែលជាសិល្បករមានភាពស្និតស្នាលជាមួយលោក Ruth Ko និងត្រូវបានមហាជនស្គាល់តាមរយៈបទចម្រៀងដ៏ល្បីរបស់អ្នកទាំងពីរដែលមានចំណងជើងថា “បងមកពីលិច” បានបង្ហោះសារដ៏ក្រៀមក្រំថា៖ “ថ្ងៃនេះខ្ញុំបានបាត់បង់បងប្អូនជាទីស្រឡាញ់ម្នាក់ទៀតហើយ! អរគុណសម្រាប់ពេលវេលាដែលយើងបានស្គាល់គ្នាប្អូនប្រុស R.I.P RuthKo” ។


សូមជម្រាបថា បច្ចុប្បន្នក្រុមគ្រសារនៃស.ព បានរៀបចំធ្វើបុណ្យតាមប្រពៃណី នៅផ្ទះលេខ៥១ ផ្លូវ ១៦៨ ភូមិទួលរការ១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង