
កម្មវិធី «សមរភូមិសំណើច» របស់ស្ថានីយទូរទស្សន៍ CTN ដែលត្រូវបានឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង WURKZ និង ទឹកពិសាកម្ពុជា នឹងបន្តផ្ដល់នូវសាច់រឿងដ៏គួរឱ្យអស់សំណើច និងការឌឺដងផ្លែផ្ការវាងបុគ្គលិកនិងក្រុមកីឡាករ នៅក្នុងសប្ដាហ៍ទី៦ ដែលនឹងចាក់ផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ។
កាលពីសប្ដាហ៍ទី១ ដល់សប្ដាហ៍ទី៥ ទស្សនិកជនបានដឹងរួចមកហើយពីជម្លោះឥតឈប់ឈរនៅក្នុងក្រុមផ្ការីកគ្រប់រដូវ ការបំពានវិន័យរបស់ក្លិបពីសំណាក់កីឡាករ និងបញ្ហាដែលបានកើតឡើងនៅពេលហ្វឹកហាត់។ កាលពីសប្ដាហ៍មុន រឿងដ៏ហួសចិត្តបានកើតឡើង នៅពេលដែលសមាជិកក្នុងក្រុមគឺ នាយ ក្ដី បាននាំសង្សាររបស់គាត់មកដល់បន្ទប់ ដែលបង្កឱ្យគ្រប់គ្នាតវ៉ាឱ្យប្រធានក្រុម ពែកមី ស្វែករកដំណោះស្រាយភ្លាមៗ ព្រោះទង្វើនេះបានធ្វើឱ្យពួកគេមិនអាចសម្រាកបានឡើយ។
នៅសប្ដាហ៍នេះ ជម្លោះថ្មីនឹងបន្តកើតឡើង! គ្រូពេទ្យ និងអ្នកសម្អាត បានបញ្ចុះបញ្ចូលសមាជិកក្រុមឱ្យផឹកស្រានៅក្នុងបន្ទប់របស់ពួកគេ ដែលនេះជាទង្វើដែលបំពានវិន័យដ៏តឹងរឹងរបស់ក្លិប។ ទន្ទឹមនេះ អវត្តមានដ៏អាថ៌កំបាំងរបស់នាយពែកមី នឹងបង្កើតជាចម្ងល់សម្រាប់ទស្សនិកជន។ តើអ្នកណានឹងមកទទួលរ៉ាប់រងភារកិច្ចមើលការខុសត្រូវចំពោះសមាជិកក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ នៅពេលដែលមិនមាននាយពែកមីបែបនេះ?
ចម្លើយនឹងត្រូវបង្ហាញនៅក្នុងសប្ដាហ៍ទី៦ នៃកម្មវិធី សមរភូមិសំណើច ដែលចាក់ផ្សាយថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៧ យប់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ព្រមទាំងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក CTN TV ផេក WURKZ និងផេក CAMBODIA WATER!
