×

៧ យ៉ាងសំខាន់ៗដែលអ្នកគួរដឹងពីកម្មវិធី MasterChef Cambodia រដូវកាលទី៤

កម្មវិធីប្រកួតចម្អិនម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia បានវិលត្រលប់មកវិញជាមួយនឹងរដូវកាលទី៤ ក្រោយការប្រកាសជាផ្លូវការនៅក្នុងសន្និសីទសារព័ត៌មានរវាងក្រុមហ៊ុន CBS និងក្រុមហ៊ុន Khmer Beverages កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល។

លោក Dave Ulmer នាយកប្រតិបត្តិនៃ CBS បានបង្ហាញពីសមិទ្ធផលនាពេលកន្លងមករបស់កម្មវិធី MasterChef Cambodia គោលដៅ និងដំណើរដ៏គួរឱ្យរំភើប សម្រាប់រដូវកាលខាងមុខ។ នេះជាចំណុចសំខានៗនៃប្រសាសន៍របស់លោក៖

១. លោក Dave Ulmer បានប្រកាសដោយមោទកភាពចំពោះការត្រលប់មកវិញរបស់ MasterChef Cambodia ។ លោកបានសង្កត់ធ្ងន់លើប្រជាប្រិយភាពដែលមិនអាចប្រៀបផ្ទឹមបានរបស់កម្មវិធីនេះ ដែលបានទាក់ទាញទស្សនិកជនតាមរយៈ Facebook, Instagram និង YouTube ជាមួយនឹងការចូលមើលជាង ២៨០ លានដង កាលពីរដូវកាលមុន។ កម្មវិធីនេះមិនត្រឹមតែបានទាក់ទាញចិត្តអ្នកទស្សនាក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញដល់ទស្សនិកជនអន្តរជាតិផងដែរ។

២. លើសពីការប្រកួតចម្អិនម្ហូប MasterChef Cambodia បានក្លាយជាឯកអគ្គរាជទូតវប្បធម៌ ដែលបានបង្ហាញពីម្ហូប គុណតម្លៃ និងប្រពៃណីរបស់ប្រទេសកម្ពុជា ទៅកាន់ទស្សនិកជនទូទាំងពិភពលោក។ អ្នកប្រកួតប្រជែង និងទស្សនិកជន បានរួមចំណែក ក្នុងការនាំយកមរតកម្ហូបដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ទៅកាន់ឆាកអន្តរជាតិ។

៣. MasterChef Cambodia រដូវកាលទី៤ នឹងចាប់ផ្តើមស្វែងរកបេក្ខជនរបស់ខ្លួននៅទីតាំងទីមួយ នៅផ្សារទំនើបជីបម៉ុង២៧១មេហ្គាម៉ល នាថ្ងៃទី១១ និង១២ ខែមករា ឆ្នាំ២០២៥ និងបន្តទៅ ៤ ខេត្តទៀត។ សូមលើកទឹកចិត្តដល់អ្នកចម្អិនតាមផ្ទះចាប់យកឱកាសនេះ ដើម្បីសម្រេចនូវក្ដីសុបិនរបស់អ្នក។

៤. លោក Dave Ulmer បានបង្ហាញក្ដីរំភើបចំពោះភាពជាដៃគូជាមួយក្រុមហ៊ុន Khmer Beverages ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តការផលិតកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ។ លោកបានគូសបញ្ជាក់អំពីសារសំខាន់នៃភាពជាដៃគូក្នុងការសម្រេចបាននូវឧត្តមភាព។

៥. គណៈកម្មការ ណារ៉ា ម៉េងហ៊ី និង ជេស៊ីកា បានរួមចំណែកដ៏មានតម្លៃចំពោះកម្មវិធី ហើយពួកគាត់នឹងបន្តតួនាទីជាគណៈកម្មការសម្រាប់រដូវកាលទី៤នេះ។ លោក Dave Ulmer ក៏បានសរសើរដល់បេក្ខជនបេក្ខនារីកន្លងមកដែលបានខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ពួកគេ បានធ្វើឱ្យកម្មវិធីទទួលបានជោគជ័យយ៉ាងខ្លាំង។

៦. បេសកកម្មរបស់ MasterChef Cambodia គឺលើសពីការប្រកួតប្រជែង ដោយលោកនាយកប្រតិបត្តិ CBS បានសង្កត់ធ្ងន់ថា កម្មវិធីនេះផ្ដោតលើការលូតលាស់របស់បេក្ខជនបេក្ខនារី ការរៀនសូត្រ និងការស្វែងរកក្តីសុបិនរបស់ពួកគេ។

៧. MasterChef Cambodia រដូវកាលទី ៤ នឹងកាន់តែអស្ចារ្យ និងមានឥទ្ធិពលជាងរដូវកាលមុនៗ ជាមួយនឹងការប្តេជ្ញាចិត្តធ្វើឱ្យកម្មវិធីនេះក្លាយជាកម្មវិធីដ៏ល្អបំផុត ហើយសូមជំរុញឱ្យទស្សនិកជនបន្តតាមដានរដូវកាលដ៏អស្ចារ្យមួយនេះ។

MasterChef Cambodia រដូវកាលទី៤ នឹងផ្ដល់វេទិកាកម្រិតពិភពលោក សម្រាប់អ្នកដែលទេពកោសល្យក្នុងការបញ្ចេញសមត្ថភាព ការបង្ហាញពីវប្បធម៌ខ្មែរដ៏ផូផង់ និងការផ្ដល់នូវចំណេះដឹងដ៏ទូលំទូលាយផ្នែកម្ហូបអាហារ សម្រាប់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង